
ភ្នំពេញៈ សន្តិសុខយាមកាម នៅក្នុងបុរីពិភពថ្មីចំនួន ៦នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្រោយពីមានការសង្ស័យ ពាក់ព័ន្ធនឹងអំពើឃាតកម្មលើស្រ្តីម្នាក់ កាលពីវេលាម៉ោង៤និង៣០នាទីព្រឹកថ្ងៃទី១ ខែតុលា ឆ្នាំ២០១៧ ស្ថិតនៅផ្ទះលេខ៣១ ក្រុម១២ ផ្លូវលេខ៦បេតេ ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។
សមត្ថកិច្ច បានឲ្យដឹងថា ស្ត្រីរងគ្រោះឈ្មោះ គឹម សុផុនវឌ្ឍនា អាយុ៣៦ឆ្នាំ មុខរបរជាពាណិជ្ជករ ស្នាក់នៅផ្ទះខាងលើ មានប្តីឈ្មោះ ត្រាង ទី អាយុ៤៨ឆ្នាំ ជាពាណិជ្ជករ មានកូន២នាក់ ប្រុសម្នាក់អាយុ៤ឆ្នាំ ស្រីម្នាក់អាយុ៨ឆ្នាំ រស់នៅក្នុងបន្ទុកគ្រួសារ ។
សមត្ថកិច្ច បន្តថា ស្រ្តីរងគ្រោះ កំពុងលង់លក់ក្នុងដំណេក ស្រាប់តែជនដៃដល់លបលួចចួលទៅប៉ុនប៉ងវាយប្រហារសម្លាប់ផ្តាច់ជីវិត តែមិនបានសម្រេច គ្រាន់តែបណ្តាលឲ្យរងរបួសហូរឈាមពេញខ្លួន។
តាមបុរសជាប្តី បានឲ្យដឹងថា គ្រួសារគាត់ មិនដែលមានទំនាស់ជាមួយអ្នកណាឡើយ ហើយមុនកើតហេតុ កាលពីវេលាម៉ោង៤ព្រឹកថ្ងៃទី១ ខែតុលា គាត់បានភ្ញាក់ពីដំណេក ត្រូវធ្វើដំណើរទៅខេត្តសៀមរាប ដើម្បីទំនាក់ទំនងការងារ ដោយឲ្យជំនួយការបើករថយន្តមកទទួល ជិះចាកចេញទៅ ដោយមិនបាន ចាក់សោទ្វារ បន្ទប់ ផ្ទះ គ្រាន់តែដាក់គន្លឹះទ្វាររបងមុខហើយក៏ជិះរថយន្តចាកចេញទៅ លុះដល់វេលាម៉ោង៤និង៣០នាទី ស្រាប់តែកូនស្រីទូរស័ព្ទប្រាប់ថា ម្តាយ មានឈាមប្រឡាក់ពេញមុខ ពេញខ្លួនលើពូក ពេលនោះគាត់ក៏វិលត្រឡប់មកផ្ទះវិញ និងមានការឆោឡោ ដឹកប្រពន្ធបញ្ជូនទៅគ្លីនិក រួចរាយការណ៍ប្រាប់សមត្ថកិច្ចចុះទៅពិនិត្យ។
ក្រោយកើតហេតុសមត្ថកិច្ចជំនាញខណ្ឌ ក្រុងចុះទៅពិនិត្យ កោសល្យវិច័យ រកឃើញសម្ភារៈបន្សល់ទុក ពិលពាក់ក្បាលសន្តិសុខពិភពថ្មី១ ខ្សែក្រវ៉ាត់របស់សន្តិសុខពិភពថ្មី១ ខាងក្បាលប្រឡាក់សុទ្ធតែឈាម មួកសន្តិសុខ១ ស្បែកជើងផ្ទាត់មួយចំហៀង ទើបសមត្ថកិច្ចឈានទៅដល់ឃាត់ខ្លួនសន្តិសុខបុរីពិភពថ្មី៦នាក់ទៅសាកសួរនៅអធិការដ្ឋានខណ្ឌសែនសុខ ហើយក្នុងនោះ សន្តិសុខ២នាក់ មានផ្ទុកសារធាតុញៀន។ បច្ចុប្បន្នសមត្ថកិច្ចកំពុងស្រាវជ្រាវបន្ត៕

