
ភ្នំពេញៈ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលទំនប់ទឹក បានឃាត់ខ្លួនក្មេងទំនើង២នាក់ បន្ទាប់ពីជិះម៉ូតូកែច្នៃបំពង់ស៊ីម៉ាំង ជាហេតុបង្កការរំខានដល់ប្រជាពលរដ្ឋ។ ប្រតិបត្តិការនេះ ធ្វើឡើងនៅយប់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៧ តាមបណ្តោយផ្លូវលេខ២៧១ ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ។
ជនសង្ស័យដែលឃាត់ខ្លួន ឈ្មោះ ឆោម វ៉ាន់ដា អាយុ២០ឆ្នាំ មុខរបរជាងជួសជុលម៉ូតូ ស្នាក់នៅផ្ទះជួល ម្តុំវត្តទួលសង្កែ ខណ្ឌឫស្សីកែវ និងទី២.ឈ្មោះ ថៃ វ៉ាន់ឌី អាយុ២២ឆ្នាំ ស្នាក់នៅជាមួយគ្នា មុខរបរជាងជួសជុលទូរទស្សន៍។
បើតាមប្រភពព័ត៌មានពីសមត្ថកិច្ចបានប្រាប់ឲ្យដឹងថា មុនពេលឃាត់ខ្លួន គេឃើញក្មេងទំនើងទាំង២នាក់ខាងលើ ជិះម៉ូតូ១គ្រឿង ម៉ាក MSX ពណ៌ក្រហមបិតស្កុតខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FY-5169 កែច្នៃបំពង់ស៊ីម៉ាំងប្រែន។ ភ្លាមនោះ កម្លាំងសមត្ថកិច្ចប៉ុស្តិ៍ទំនប់ទឹក ដែលកំពុងល្បាតប្រទៈឃើញ ក៏ហៅឲ្យឈប់ ប៉ុន្តែជនសង្ស័យទាំង២នាក់នេះ មិនបានឈប់នោះទេ ហើយថែមទាំងធាក់ដៃម៉ូតូសមត្ថកិច្ចបណ្តាលឲ្យដួល ថែមទៀត។ ខណៈនោះ សមត្ថកិច្ចក៏លើកម៉ូតូព្យាយាមដេញតាម រហូតចាប់បានពួកគេទាំង២នាក់ យកទៅប៉ុស្តិ៍នគរបាលរដ្ឋបាលទំនប់ទឹកតែម្តង។
បច្ចុប្បន្នជនសង្ស័យ និងម៉ូតូ ត្រូវបានសមត្ថកិច្ច ឃុំខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌចំការមន ដើម្បីចាត់ការតាមនីតិវិធី៕


