
ភ្នំពេញៈ ថ្មីៗនេះ មានការភ្ញាក់ផ្អើលដល់មហាជន ដោយមានការលើកឡើងថា តារាថ្មីទើបរះពីកម្មវិធីបវរកញ្ញាឯកធម្មជាតិ ឆ្នាំ២០១៧ មានមុខមាត់ស្រដៀងនឹងលោកស្រី ស្រី តូចចំណាន បេះបិតតែម្ដង។ ស្របនឹងការលើកឡើងថា នាងមានមុខមាត់ស្រដៀងគ្នាហើយនោះ នាងក៏ត្រូវគេនិយាយថា ជាប្អូនស្រីបង្កើតរបស់ភរិយាមហាសេដ្ឋស្រុកខ្មែរ ផងដែរ។
លោកស្រី ស៊ិន ឧត្តមផល្លា ម្ចាស់ទំព័រហ្វេសប៊ុក Movie Star Reseach នៅព្រឹកថ្ងៃទី៦ ខែតុលានេះ បានចេញមកបកស្រាយចម្ងល់ និងការលើកឡើងរបស់មហាជនថា តាមពិតតារាទើបរះរូបនោះ មិនមានជាប់ពាក់ព័ន្ធអ្វីនឹងលោកស្រី ស្រី តូចចំណាន ភរិយាមហាសេដ្ឋីប្រាក់វាល់លានស្រុកខ្មែរ លោក គិត ម៉េង នោះទេ។
បើតាមលោកស្រី ស៊ិន ឧត្តមផល្លា តារារះថ្មីនោះ មានឈ្មោះ ទេព ម៉ាយ៉ារ៉ែត ជាបវរកញ្ញាឯកធម្មជាតិ ឆ្នាំ២០១៧ ជយលាភីលេខ១ នៅទូរទស្សន៍អនឡាញក្នុងស្រុកមួយ។ នាង ម៉ាយ៉ារ៉ែត មានអាយុ២៦ឆ្នាំ បានរៀនចប់នៅសកលវិទ្យាល័យវិចិត្រសិល្បៈ និងបន្តចប់ថ្នាក់បរិញាបត្រផ្នែកច្បាប់រួចរាល់ហើយដែរ។
ទំព័រហ្វេសប៊ុកដដែលបានសរសេរថា “មកជួបជាមួយប្អូនស្រី ទេព ម៉ាយ៉ារ៉ែត ដែលបានជាប់ចំណាត់ថ្នាក់ជាកញ្ញាឯកធម្មជាតិ ប្រចាំឆ្នាំ២០១៧នេះ ដែលទទួលបានជ័យលាភីលេខ១ នៅទូរទស្សន៍ TNM tv online ដែលកញ្ញាឯករូបនេះ ត្រូវបានមហាជនមួយចំនួននិយាយថា បើមើលមួយភ្លែត នាងពិតជាមានមុខមាត់ស្រដៀងគ្នាជាមួយនិងលោកជំទាវ ស្រី តូចចំណាន ណាស់ ប៉ុន្តែមិនមែនមានន័យថា ដូចទាំងស្រុងទេ គ្រាន់តែស្រដៀង តែបើមើលយូរមិនដូចទេ”។
ហ្វេសប៊ុកដដែលបន្តថា “តាំងពីជាប់ជាកញ្ញាឯកមក មានផលិតកម្មជាច្រើនទាក់ទងអោយកញ្ញាថតរឿងដុំ និងរឿងភាគ តែត្រូវបានកញ្ញាសុំពន្យាពេល ដោយសារកញ្ញារវល់ជាមួយការងារ និងមុខជំនួញផ្ទាល់ខ្លួន សព្វថ្ងៃនេះ កញ្ញាក៏មានតួនាទីជានាយកទីផ្សារទាំងមូលនៅកម្ពុជា ជាមួយហ្នឹងផលិតផលសុខភាព និងសម្រស់របស់ក្រុមហ៊ុនកំណប់គ្រួសារ ប៉ុន្តែកញ្ញានិងត្រៀមទទួលថតភាពយន្ត ក៏ដូចជាថតបទចម្រៀងនៅឆ្នាំក្រោយនេះផងដែរ”។ សូមអញ្ជើញទស្សនារូបភាពកញ្ញាឯកទាំងអស់គ្នា៕












