
ភ្នំពេញៈ បន្ទាប់ពីលោកស្រី ហ៊ឹម ស៊ីវន បានធ្វើការត្រាប់តាមបេក្ខនារីមកពីខេត្តសៀមរាប ប្រឡងចម្រៀងនៅកម្មវិធីក្នុងស្ថានីយទូរទស្សន៍បាយ័ន ដោយថា នាងច្រៀងដូចកូនក្មេងនោះ ជាហេតុធ្វើឲ្យមហាជនជាច្រើន នៅលើបណ្តាញសង្គម បានសម្តែងការមិនពេញចិត្ត ចំពោះទង្វើរបស់លោកស្រី ដោយបានធ្វើការរិះគន់តារាចម្រៀងជើងចាស់រូបនេះខ្លាំងៗតែម្តង។
ឆ្លើយតបចំពោះរឿងរ៉ាវតារាចម្រៀងចាស់វស្សាលោកស្រី ហ៊ឹម ស៊ីវន ដែលត្រូវបានមហាជនរិះគន់នៅពេលនេះ អ្នកនាង ម៉េង កែវពេជ្ជតា ម្តងជាពីរដង បានចេញមុខការពារលោកស្រី ហ៊ឹម ស៊ីវន។
អ្នកនាង ម៉េង កែវពេជ្ជតា បានឆ្លើយតបចំពោះអ្នករិះគន់តាមរយៈបណ្ដាញសង្គមផ្ទាល់ខ្លួនថា “កម្មវិធីប្រលងមួយ ដែលហ៊ានចំណាយលុយដ៏សន្ធឹកសន្ធាប់ គេប្រាកដជាមិនចង់បាន អ្នកជាប់ជ័យលាភី ដែលគ្មានគុណភាពឡើយ។ ការលេងល្ខោនបោកភ្នែក បញ្ជោរបញ្ចើចបញ្ចើរ ហៃអើ តែស្ករ លើកជើង មិនមែនជា ចរិតរបស់ខ្ញុំទេ ហើយក៏គ្មានផលល្អអ្វី ចំណេះដឹងជាដុំកំភួនអ្វីដល់បេក្ខជនដែរ ក្រៅពីបានត្រឹមតែសប្បាយមើល លេងប្រលែង អែបអប អត់បានការ លុះបានជាប់ក្លាយ ជាតារាច្រៀងបានត្រឹម តែពីរបទគេភ្លេចសូន្យ”។
អ្នកនាងបន្ថែមថា “ឃើញខុសតែបែរជាលាក់ ដូចរុញគ្នាអោយធ្លាក់ទឹកស្លាប់ទាំងរស់។ តើការទិតៀនពីគ្រូចំពោះបេក្ខជននាពេលនេះ និងពាក្យរិះគន់មើលងាយ សើចចំអក ពីទស្សនិកជនថា ជាតារាចោលម្សៀតនាពេលខាងមុខ មួយណាវាខាតជាង ឈឺជាង ហើយអាម៉ាស់ជាង?? បើថ្ងៃនេះ អ្នកទ្រាំទទួលយកការពិតពីគ្រូមិនបានផង តើថ្ងៃមុខធ្វើម៉េចអ្នកនឹងអាចទទួលយកការរិះគន់ពីមហាជនបានទៅ? ការខំបកស្រាយពន្យល់ប្រាប់ពីអាថ៌កំបាំងគ្មានលាក់លៀម តើទៅរកឯណាបានបើមិនចំណាយលុយទាំងដុំ? គ្មាននរណាចិត្តល្អមកប្រាប់យើងអស់អាចម៍អស់នោម Free Free នោះទេ ( សូមទោស ) លើកលែងតែគ្រូបង្វឹកនោះ អត់ចេះដែរ គ្មានអ្វីពន្យល់ គ្មានអ្វីជាឧទាហណ៍ឲ្យសិស្ស ក៏យកការលេងសើចមកបន្លប់បោកអ្នកមើលទៅ។ សូមអធ្យាស្រ័យ និយាយត្រង់ទៀតហើយ។ ដូច្នេះ សូមមេត្តាកុំបង្ខំខ្ញុំអោយធ្វើអ្វី ដែលមិនមែនជាខ្ញុំ កុំបង្ខំអោយខ្ញុំ ក្បត់ខួរក្បាលខ្ញុំ ខ្ញុំមិនអាចទេ ខ្ញុំមិនចេះមុសារទេ។ គ្រូល្អ មិនមែនបង្រៀនឲ្យសិស្សស្រលាញ់ទេ តែបង្រៀនឲ្យសិស្សពូកែ អោយសិស្សខ្លាំង។ ខ្ញុំតែងតែស្តាប់ អ្នកដែលជាគ្រូ ព្រោះយ៉ាងណា ពួកគាត់បានទទួល ជោគជ័យរួចហើយ”។
គួរជម្រាបថា ការរិះគន់របស់មហាជនចំពោះលោកស្រី ហ៊ឹម ស៊ីវន គឺបានធ្វើឡើង បន្ទាប់ពីលោកស្រីបានធ្វើត្រាប់តាមបេក្ខនារីមកពីខេត្តសៀមរាប ដោយថា នាងច្រៀងដូចកូនក្មេង នៅក្នុងកម្មវិធីសំនៀងឯក របស់ស្ថានីយទូរទស្សន៍បាយ័ន ដែលជាកម្មវិធីប្រឡងចម្រៀងលំដាប់ជាតិមួយ ដែលតែងបញ្ចាំងជារៀងរាល់ថ្ងៃសៅរ៍។ ជារៀងរាល់សប្ដាហ៍ យើងតែងតែបានទស្សនានូវទេពកោសល្យ និងសំឡេងដ៏មានទឹកដមរបស់បេក្ខជន និងបេក្ខនារី ដែលមកពីទីកន្លែងផ្សេងៗគ្នា៕







