
ភ្នំពេញៈ ជនសង្ស័យ ២នាក់ ក្នុងចំណោម៤នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចប៉ុស្តិ៍ទំនប់ទឹកឃាត់ខ្លួន ភ្លាមៗ បន្ទាប់ពីធ្វើសកម្មភាពឆក់កាបូបស្ពាយពីស្រ្តីមានផ្ទៃពោះម្នាក់ បានសម្រេច តែរត់មិនរួច។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ៧និង៣០នាទី ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៧ ខាងមុខសាលា អេស៊ីអី ស្ថិតនៅតាមបណ្ដោយផ្លូវលេខ ១៦៣ ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ជនសង្ស័យទី១ឈ្មោះ ចាន់ សីហា (អ្នកឆក់) ភេទប្រុស អាយុ១៦ឆ្នាំ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវបេតុង សង្កាត់ស្រះចក ខណ្ឌដូនពេញ។ ទី២ ឈ្មោះ ចាន់ មករា (អ្នកឌុប) ភេទប្រុស អាយុ១៦ឆ្នាំ ស្នាក់នៅផ្ទះគ្មានលេខ តាមបណ្ដោយផ្លូវលេខ៥A សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ។
ស្រ្តីរងគ្រោះ បានឲ្យដឹងថា មុខពេលកើតហេតុរូបគាត់បានជិះម៉ូតូមួយគ្រឿងម៉ាក Zoomer X ជិះពីរនាក់កូនតូច ដែលកំពុងមានផ្ទៃពោះ គោលបំណងទៅទិញផ្លែដូង ខណៈមកដល់ចំណុចកើតហេតុ ក៏លេចមុខក្រុមជនសង្ស័យចំនួន៤នាក់ ជិះម៉ូតូពីរគ្រឿង មួយគ្រឿងម៉ាក ហុងដា សេ១២៥ ពណ៌ខ្មៅ សេរី២០១៧ ពាក់ស្លាកលេខ ភ្នំពេញ 1GM-2986 (ចាប់បានទាំងពីរនាក់) ចំណែកមួយគ្រឿងទៀតម៉ាក MSX ពណ៌ស មិនចាំស្លាកលេខ (គេចខ្លួន) បានជិះមកក្បែជនរងគ្រោះក៏ធ្វើសកម្មភាពឆក់កាបូបស្ពាយពីគាត់បានសម្រេច ភ្លាមនោះជនសង្ស័យទាំង៤នាក់បានព្យាយាមជិះគេចខ្លួន ប៉ុន្តែត្រូវកម្លាំងល្បាតរបស់ អធិការដ្ឋាននគរបាលខណ្ឌចំការមន ដេញចាប់ប្រផិតប្រភីងតាំងពីខាងមុខសាលា អេស៊ីអី រហូតដល់ខាងក្រោយមន្ទីរពេទ្យរុស្សី ទើបបង្ក្រាបបានជនសង្ស័យ២នាក់ភ្លាមៗ ចំណែកពីរនាក់ទៀតបានរត់គេចខ្លួនបាត់។
បច្ចុប្បន្នជនសង្ស័យពីនាក់រួម និង វត្ថុតាងត្រូវបាននាំមកសាកសួនៅប៉ុស្តិ៍ផ្សារដើមថ្កូវ ដើម្បីចាត់ការតាមនីតិវិធី៕





