
បន្ទាប់ពីធ្លាក់កុមារី អ៊ុក សុវណ្ណារី ពីកម្មវិធី The Voice Kids Cambodia នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដោយបានជ្រើសរើសកុមារី ណូ ឈួស៊ីវហេង មានទស្សនិកជនជាច្រើនសម្តែងការមិនយល់ស្របតាម សុគន្ធ នីសា ។ ទន្ទឹមគ្នានោះក៏មានព័ត៌មានចចាមអារ៉ាមថា សុគន្ធ នីសា ជាគូដណ្តឹងឪពុកកុមារី ណូ ឈួស៊ីវហេង ដែលជាមន្ត្រីប៉ូលិសពាក់ផ្កា៣ថែមទៀត ហើយព័ត៌មាននេះធ្វើឲ្យផ្ទុះរឿងកាន់តែកក្រើក និងក្លាយជាប្រធានបទក្តៅសម្រាប់មហាជនពិភាក្សាគ្នា។ ទើបតែព្រឹកថ្ងៃទី១៨តុលា សុគន្ធ នីសា បានចេញមុខបញ្ជាក់ច្បាស់ក្នុងកម្មវិធី ហង្សមាស ព័ត៌មានពេលព្រឹក។

សុគន្ធ នីសា នាងបានប្រាប់ពីមូលហេតុដែលនាងទម្លាក់កុមារី អ៊ុក សុវណ្ណារី ថា “ចា៎ ! ធម្មតា បងប្អូនទស្សនិកជនគាត់ជាអ្នកវិនិច្ឆ័យ គាត់ស្តាប់សំឡេងមានអារម្មណ៍ផ្សេងចង់មានន័យថា ចំណូលចិត្តមនុស្សម្នាក់ៗគឺផ្សេងគ្នា ហើយចំពោះខ្ញុំការជ្រើសរើសនេះ ខ្ញុំគិតថា អ្វីមួយដែលយើងធ្វើ គឺមានភាពប្រាកដប្រជា មុនពេលយើងជ្រើសរើសអ្នកណាម្នាក់ គឺយើងដឹង និងថ្លឹងថ្លែងទៅលើសមត្ថភាពរបស់ពួកគាត់ច្បាស់ បើសិនគាត់ជាអ្នកស្តាប់ខ្ញុំធានាថា គឺឮផ្សេងគ្នា តែខ្ញុំជាអ្នកបង្ហាត់គឺខ្ញុំដឹងថា សមត្ថភាពក្មេងម្នាក់ណាមានភាពវ័យឆ្លាត ក្មេងម្នាក់ណាអាចឈានទៅវគ្គបន្តទៀតបាន”។

សុគន្ធ នីសា បន្តថា “ចំពោះពាក្យពេចន៍ដែលគាត់ Comment ទោះជាសមរម្យ ឬមិនសមរម្យក៏ដោយគឺខ្ញុំទទួលយកទាំងអស់ ព្រោះអីពាក្យរបស់ពួកគាត់ខ្លះគឺចង់ផ្តល់នូវការកែលំអសម្រាប់យើង បើសិនមានការខុសឆ្គង ហើយទោះជាមានពាក្យពេចន៍ខ្លះមិនសមរម្យក្តីក៏នាងខ្ញុំទទួលយកដែរ ព្រោះនេះជាអារម្មណ៍របស់ពួកគាត់ ប៉ុន្តែនាងខ្ញុំសូមសំណូមពរ Comment ខ្លះប្រើពាក្យពេចន៍តែចំពោះខ្ញុំបានហើយ ចំពោះក្មេងៗអត់ដឹងអីទេ ក្មេងគឺជាក្រដាសសមួយសន្លឹក បើសិនយើងលាបពណ៌អីគឺទៅពណ៌ហ្នឹងហើយ
សម្រាប់ព័ត៌មានជាគូដណ្តឹងលោកផ្កាយបី សុន្ធ នីសា ប្រាប់ថា “ខ្ញុំសូមជម្រាប់ជូនទៅដល់បងប្អូនទាំងអស់ថា ព័ត៌មានហ្នឹងអត់ពិតទេ នាងខ្ញុំមានគូកំណាន់នាងខ្ញុំរួចហើយ គាត់ជាអ្នកធម្មតាទេ ហើយខ្ញុំមិនមានទំនាក់ទំនងអីជាមួយប៉ា ស៊ីវហេង ទេ ហើយដៃគូនាងខ្ញុំគាត់ក៏ជាអ្នកធម្មតាមិនមែនជាមន្រ្តីរាជការ ឬអ្នកមានមុខមាត់អីទេ ” ។ ការបញ្ជាក់នេះ សុគន្ធ នីសា មិនបានបង្ហាញអត្តសញ្ញាគូដណ្តឹងទេ ដោយនាងគ្រាន់តែប្រាប់ថា នាងគ្រោងចូលរោងការនៅខែធ្នូចុងឆ្នាំ២០១៧នេះហើយ៕
