
ប្រធានាធិបតីអាមេរិក គ្រោងនឹងដកហូតអាជ្ញាប័ណ្ណព័ត៌មានរបស់ស្ថានីយទូរទស្សន៍ NBC ដែលបានរាយការណ៍ថា លោកមានបំណងបង្កើនឃ្លាំងអាវុធនុយក្លេអ៊ែរជាច្រើនបន្ថែមទៀត។ នេះបើយោងតាមគេហទំព័រសារព័ត៌មាន BBC បានចុះផ្សាយនៅថ្ងៃពុធ ទី១១ ខែតុលា ឆ្នាំ២០១៧។

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា ស្ថានីយទូរទស្សន៍ NBC បង្កើតព័ត៌មានក្លែងក្លាយ និងប្រឌិត ដែរថា រូបលោកមានបំណងចង់បង្កើនអាវុធនុយក្លេអ៊ែរ ១០ដងបន្ថែមទៀត បើធៀបនឹងចំនួនបច្ចុប្បន្ន និងព្រមានដកអាជ្ញាប័ណ្ណ ពីស្ថានីយទូរទស្សន៍អាមេរិកមួយនេះផងដែរ។ សមាគមត្រួតពិនិត្យអាវុធនុយក្លេអ៊ែរសហរដ្ឋអាមេរិក បានបង្ហាញទិន្នន័យ អាវុធនុយក្លេអ៊ែររបស់អាមេរិកមានចំនួន ៦.៨០០គ្រាប់ ហើយប្រទេសរុស្ស៊ីមានចំនួន ៧.០០០គ្រាប់ នៅក្នុងឃ្លាំង។

យោងតាមការចេញផ្សាយរបស់ NBC ថា កាលពីខែកក្កដា លោ ដូណាល់ ត្រាំ ជំរុញឲ្យមានការបង្កើនឃ្លាំងអាវុធនុយក្លេអ៊ែរ នៅអំឡុងកិច្ចប្រជុំស្ដីពីស្ថានភាពយោធាអាមេរិក នៅលើពិភពលោក ជាមួយមន្ត្រីយោធាជាន់ខ្ពស់ រួមទាំងរដ្ឋមន្ត្រីការបរទេស លោក រិច ធីល្លឺសុន។

ជុំវិញបញ្ហានេះ លោក ដូណាល់ ត្រាំ បានគូសបញ្ជាក់ថា “NBC News បានប្រឌិត ជាមួយនឹងព័ត៌មានក្លែងក្លាយទាំងនេះ ជាមួយបណ្ដាប្រព័ន្ធផ្សព្វផ្សាយមួយចំនួនទៀត ព្រមទាំងចោទសួរថែមទៀតថា តើវាដល់ពេលវេលាសាកសម ដែលត្រូវបដិសេធនឹងអាជ្ញាប័ណ្ណរបស់ពួកគេដែរទេ? វាជារឿងអាក្រក់សម្រាប់ប្រទេសមួយនេះ”៕
