
អ្នកនាំពាក្យក្រសួងការបរទេសកូរ៉េខាងជើង បានសង្កត់ធ្ងន់ថា សហរដ្ឋអាមេរិក គួរតែបញ្ចប់ការដាក់សម្ពាធ មកលើទីក្រុងព្យុងយ៉ាង ឲ្យបញ្ឈប់កម្មវិធីអាវុធនុយក្លេអ៊ែរ ហើយថា ក្រុងវ៉ាស៊ីនតោន គួរតែបញ្ឈប់សកម្មភាពអមិត្តជាមុនសិន។ នេះបើយោងតាមគេហទំព័រសារព័ត៌មាន រុស្ស៊ី (RT) បានចុះផ្សាយនាព្រឹកថ្ងៃព្រហស្បតិ៍ ទី១២ ខែតុលា ឆ្នាំ២០១៧។

អ្នកនាំពាក្យក្រសួងការបរទេសកូរ៉េខាងជើង លោក រី យ៉ុងហូ បាននិយាយថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលបានចោទប្រកាន់ដោយផ្ទាល់ជាមួយមេដឹកនាំលោក គីម ជុងអ៊ុន និងគំរាមកំហែងសកម្មភាពយោធាជាច្រើន ក្នុងការបង្កសង្គ្រាមលោកលើកទី០៣។ លោកបានបន្តទៀតថា ឃ្លាំងអាវុធនុយក្លេអ៊ែររបស់យើង គឺទុកសម្រាប់ទប់ស្កាត់ការឈ្លានពាន និងធានាសន្តិភាព ព្រមទាំងសន្តិសុខនៅក្នុងតំបន់។
លោក គីម ជុងអ៊ុន បាននិយាយថា “សហរដ្ឋអាមេរិក សព្វថ្ងៃនេះកំពុងតែធ្វើគោលនយោបាយ ដាក់ទណ្ឌកម្មលើប្រទេសទាំងពីរ ដូចជាកូរ៉េខាងជើង និងរុស្ស៊ី ហើយកំពុងព្យាយាមធ្វើឲ្យរុស្ស៊ី ចូលរួមយុទ្ធនាការទណ្ឌកម្មប្រឆាំងនឹងទីក្រុងព្យុងយ៉ាង ក្នុងគោលបំណងបង្កើតភាពមិនចុះសម្រុងគ្នារវាងប្រទេសយើង និងប្រទេសដទៃទៀត”។

ទន្ទឹមនឹងនេះ ប្រទេសរុស្ស៊ី បានព្រមានម្ដងហើយម្ដងទៀតថា ការប៉ុនប៉ងដាក់សម្ពាធលើកូរ៉េខាងជើង ឲ្យបញ្ឈប់កម្មវិធីអាវុធនុយក្លេអ៊ែរ តាមរយៈការដាក់ទណ្ឌកម្ម អាចនាំឲ្យមានការប្រឈមមុខដាក់គ្នាជាបន្តបន្ទាប់ ជាពិសេសនៅពេលមានសង្គ្រាម ដែលមិនចេះចប់ដោយក្រុងវ៉ាស៊ីនតោន និងព្យុងយ៉ាង ខណៈពេលដែលគំរាមកំហែងបំផ្លាញគ្នាទៅវិញទៅមក៕
