Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា បានអះអាងថា ក្នុងករណី ដែលគណបក្សសង្គ្រោះជាតិ ត្រូវរំលាយ នោះអាសនៈនៅក្នុងរដ្ឋសភា នឹងត្រូវបាត់បង់ដោយស្វ័យប្រវត្តិ ហើយនឹងចែកចាយទៅឲ្យគណបក្សនយោបាយនានា តាមការ​រៀបចំរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។

លោក សុខ ឥសាន អ្នកនំាពាក្យគណបក្សប្រជាជនកម្ពុជា បានឲ្យដឹងនៅថ្ងៃទី៨ តុលា នេះថា គណបក្សសង្គ្រោះជាតិ បានអនុវត្តបំពានមាត្រា ៦ថ្មី ពីរ និងមាត្រា៧ នៃច្បាប់ស្តី ពីគណបក្សនយោបាយ។  ដូច្នេះ គណបក្សនេះ នឹងត្រូវប្រឈមចំពោះមុខមាត្រា៣៨ថ្មី និងមាត្រា៤៤ ថ្មីដែលនឹងត្រូវផ្អាកសកម្មភាពរយៈពេលមិនលើសពី​៥ឆ្នាំ ឬនឹងត្រូវរំលាយ ដោយតុលាការកំពូល តាមសំណើររបស់ក្រសួងមហាផ្ទៃ។

លោកបញ្ជាក់ថា «ក្នុងករណីត្រូវរំលាយ  ដោយផ្អែកតាមច្បាប់ ស្តីពីការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ គណបក្សសង្គ្រោះជាតិនឹងត្រូវបាត់បង់អាសនៈតំណាងរាស្ត្រក្នុងរដ្ឋសភា ដោយស្វ័យប្រវត្តិ ហើយអាសនៈនេះ នឹងត្រូវយកទៅបែងចែកឲ្យគណបក្សនានា ដែលបានប្រកួតប្រជែងក្នុងការបោះឆ្នោត ដោយ គ.ជ.ប ។ ដូច្នេះរដ្ឋសភា ដែលមានអាសនៈមកពីច្រើន គណបក្ស គឺជារដ្ឋសភាពហុបក្ស ។ មិនមែនដូចពាក្យថា បើគណបក្សសង្គ្រោះជាតិ ត្រូវរំលាយ រដ្ឋសភា ក៏ត្រូវរលាយដែរនោះទេ»

អ្នកនំាពាក្យបក្សកាន់អំណាច បានលើកឡើងទៀតថា តាមមាត្រា ៧៨ ជំពូកទី ៧ នៃរដ្ឋធម្មនុញ្ញចែងថា នីតិកាលរដ្ឋសភាមានកំណត់៥ ឆ្នាំ ហើយត្រូវផុតកំណត់នៅពេលដែលរដ្ឋសភាថ្មីចូលកាន់តំណែង។ រដ្ឋសភាមិនត្រូវបានរំលាយមុនផុតអាណត្តិបានឡើយ វាលែងតែក្នុងករណីដែលរាជរដ្ឋាភិបាលត្រូវបានទម្លាក់ពីរដងក្នុងរយៈពេល១២ខែ។ ក្នុងករណីនេះ ព្រះមហាក្សត្រ ត្រូវរំលាយរដ្ឋសភា ក្រោយពីព្រះអង្គទ្រង់បានទទួលការស្នើពីនាយករដ្ឋមន្ត្រី និងបន្ទាប់ពីទ្រង់បានការយល់ព្រមពីប្រធានរដ្ឋសភា។

លោកបន្ថែមថា ការបោះឆ្នោត ដើម្បីជ្រើសរើសរដ្ឋសភាថ្មី នឹងត្រូវប្រព្រឹត្តទៅក្នុងរយៈពេល ៦០ថ្ងៃយ៉ាងយូរ ចាប់តាំងពីថ្ងៃរំលាយរដ្ឋសភាមក ។ ក្នុងរយៈកាលនេះ រាជរដ្ឋាភិបាល មានតែភារកិច្ចដឹកនាំការងារប្រចាំថ្ងៃប៉ុណ្ណោះ ។ ដូច្នេះការនិយាយថា បើបក្សប្រឆាំង ត្រូវរំលាយ រដ្ឋសភាក៏ត្រូវរលាយដែរនោះ មិនត្រឹមត្រូវទេ។

សូមបញ្ជាក់ថា «បច្ចុប្បន្ននេះ នៅពេលដែលបក្សប្រឆាំងមិនទាន់ត្រូវបានរំលាយ ហើយតំណាងរាស្ត្រទាំងអស់ ធ្វើពហិកាមិនចូលប្រជុំនោះ ក៏ដូចជារំលាយដែរ។ ដូច្នេះរដ្ឋសភានៅតែ ដំណើរការបានដដែល។ ការអនុម័តច្បាប់ទាមទារសំឡេងតែលើស៥០ ភាគយរបូក១ ប៉ុណ្ណោះ។ ការនិយាយដូចខាងលើ គ្រាន់តែជាការបំភិតបំភ័យ បក្សកាន់អំណាច និងបំភាន់សាធារណមតិតែប៉ុណ្ណោះ »

សូមជម្រាបថា ការលើកឡើងរបស់អ្នកនំាពាក្យគណបក្សកាន់អំណាចនេះ បន្ទាប់ពីក្រុមមេធាវីរបស់សម្តេចក្រឡាហោម ស ខេង បានដាក់ពាក្យប្តឹងទៅកតុលាការកំពូល ដើម្បីស្នើសុំរំ លាយគណបក្សសង្គ្រោះជាតិ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor