
កណ្ដាលៈ ស្រ្ដីម្នាក់ បានទៅសម្រាលកូននៅសម្ពព ម៉ានី ស្ថិតនៅភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល តែជាអកុសល បានបាត់បង់ជីវិត កាលពីវេលាម៉ោង៧និង៥០នាទីយប់ថ្ងៃទី៧ តុលា ឆ្នាំ២០១៧ គួរឲ្យអាណោចអាធ័មណាស់ ក្រោយសម្រាលកូនបានភ្លាមៗ។
ជនរងគ្រោះឈ្មោះ រឿន ដានី អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរធើ្វធៀបការ មានស្រុកកំណើតភូមិកំពង់ព្រឹង ឃុំសិត្បូ ស្រុកស្អាង ខេត្តកណ្តាល។
តាមការបំភ្លឺពីម្តាយជនរងគ្រោះឈោ្មះ ឆាយ សោភណ្ឌ័ អាយុ៥៥ឆ្នាំ មុខរបរមេផ្ទះ បានឲ្យដឹងថា នៅថ្ងៃកើតហេតុខាងលើ ជនរងគ្រោះបានប្រាប់គាត់ថា ឈឺពោះ ហើយក៏បានរៀបចំអីវ៉ាន់ដើម្បីមកសំរាលកូននៅគ្លីនិកសម្ពព ម៉ានី ពេលមកដល់ជនរងគ្រោះចូលក្នុងបន្ទប់ លោកគ្រូពេទ្យ ក៏បានដាក់សេរ៉ូមឲ្យ បានប្រហែលមួយសន្ទុះ ជនរងគ្រោះក៏បានឈឺពោះបែកទឹកភ្លោះ ហើយគ្រូពេទ្យក៏បានចាប់ផ្តើមយកជនរងគ្រោះឡើងលើគ្រែ ដើម្បីសម្រាលកូន ជនរងគ្រោះខំប្រឹងកើតកូន រហូតដល់សន្លប់ គ្រូពេទ្យជួយសង្គ្រោះកូនរួចហើយ ក៏ជួយសង្គ្រោះជនរងគ្រោះជាម្ដាយ ប៉ុន្តែធ្លាក់ឈាមច្រើន ពេលនោះជនរងគ្រោះមានអារម្មណ៍ថប់ទ្រូង គ្រូពេទ្យក៏បានជួយសង្គ្រោះសង្កត់ទ្រូង ប៉ុន្តែអកុលសជនរងគ្រោះក៏បានស្លាប់បាត់។
ក្រោយកើតហេតុក៏បានរាយការណ៍ជូនសមត្ថកិច្ច ដើម្បីធើ្វការចុះពិនិត្យ តាមការសន្និដ្ឋានរបស់សមត្ថកិច្ចជំនាញថា ជនរងគ្រោះសម្រាលកូនមានធ្លាក់ឈាមច្រើន ទើបបណ្តាយឲ្យស្លាប់។ ក្រោយពិនិត្យចប់សព្វគ្រប់សាកសព ត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ ប៉ុន្តែករណីនេះ សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវបន្តទៀត៕



