
ក្រសួងការពារជាតិរុស្ស៊ី មិនបានផ្ដល់ព័ត៌មានលម្អិតស្ដីពីមីស៊ីលនោះទេ ដោយគ្រាន់តែនិយាយថា មីស៊ីលផ្លោង ដែលធ្វើការបាញ់សាកល្បង ចេញពីកន្លែងធ្វើតេស្តមួយកន្លែង ទទួលបានជោគជ័យ។ នេះបើយោងតាមគេហទំព័រសារព័ត៌មាន រុស្ស៊ី (RT) បានចុះផ្សាយនាព្រឹកថ្ងៃពុធ ទី១៨ ខែតុលា ឆ្នាំ២០១៧។

មេបញ្ជាការការពារជាតិរុស្ស៊ី លោក Oleg Kislov បាននិយាយថា កងកម្លាំងយោធា ធ្វើការបាញ់សាកល្បងមីស៊ីលផ្លោង ចេញពីកន្លែងធ្វើតេស្ត silo-based rocket នៅក្នុងមូលដ្ឋានទ័ព Dombarovsky នៅក្នុងតំបន់ Orenburg ទៅកាន់តំបន់សាកល្បង Kura នៅឧបទ្វីប Kamchatka ភាគខាងកើតប្រទេសរុស្ស៊ី។ លោក បានបន្តទៀតថា ការធ្វើតេស្តនេះ ជាការអភិវឌ្ឍប្រព័ន្ធមីស៊ីល ដែលមានទីតាំងនៅតំបន់ Yasny តែប៉ុណ្ណោះ។

គួរបញ្ជាក់ផងដែរថា រោងចក្រផលិតអាវុធនុយក្លេអ៊ែររុស្ស៊ី នៅក្នុងទីក្រុង Krasnoyarsk ត្រៀមខ្លួនរួចជាស្រេច ដើម្បីចាប់ផ្ដើមផលិតមីស៊ីលធុនធ្ងន់ ចំនួន ១៦០គម្រោង ដើម្បីផលប្រយោជន៍របស់កងកម្លាំងប្រដាប់អាវុធរុស្ស៊ី ទាំងអស់៕