Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ថ្ងៃនេះ រាងប្លែកខុសពីសព្វដង ដោយសារ Movie Star Research បានលើកយកជីវប្រវត្តិខ្លះៗរបស់តារាកំប្លែង ដែលមានកេរ្តិ៍ឈ្មោះល្បីមួយរូបតាំងពីទសវត្សរ៍៩០ ប៉ុន្តែមកទល់នឹងបច្ចុប្បន្ន អ្នកនាងហាក់មិនត្រូវបានមហាជន ឬក្មេងជំនាន់ក្រោយបានស្គាល់ឡើយ ពោល គឺស្ទើរតែបាត់ឈ្មោះពីវិស័យសិល្បៈកម្ពុជា តែម្ដង។

អ្នកស្រី ស៊ិន ឧត្តមផល្លា ម្ចាស់ទំព័រ Movie Star Research នៅថ្ងៃនេះ បានរំឡើងវិញពីជីវប្រវត្តិខ្លះៗ របស់តារាកំប្លែងស្រីរូបនេះ គឺអ្នកនាង លីវ លក្ខិណា ដែលមានរហស្សនាមនៅក្នុងពិភពតារាកំប្លែង គឺ ប៉ុមពុយ។ កាលពីឆ្នាំ១៩៩០ អ្នកនាង ប៉ុមពុយ គឺអ្នកចម្រៀងផង និងជាអ្នករបាំផង ប្រចាំសាលារៀន ហើយបន្ទាប់មកនៅឆ្នាំ១៩៩២ អ្នកនាងបានថតចម្រៀងចំនួន១២បទ និងធ្លាប់ថតរឿង «ម្លប់ពោធិ៍ដងស្ទឹងសង្កែ» ឲ្យផលិតកម្មឆ្លងដែន។

បើតាមអ្នកស្រី ផល្លា ក្រៅពីស្នាដៃថតចម្រៀង និងខ្សែភាពយន្តហើយនោះ នៅក្នុងឆ្នាំ១៩៩៥ អ្នកនាង ប៉ុមពុយ ក៏ធ្លាប់បានប្រឡងចម្រៀងប្រចាំប៉ុស្តិ៍ចំការចេក គឺបទ «វាសនាចំការសំរ៉ោង» ដោយពេលនោះ អ្នកនាងទទួលបានជ័យលាភីលេខ១ ទៀតផង ធ្វើឲ្យមហាជនទទួលស្គាល់យ៉ាងខ្លាំង។

អ្នកស្រី ផល្លា ដែលជាអតីតតារាសម្ដែង និងអ្នកស្រាវជ្រាវប្រវត្តិតារាសិល្បៈខ្មែរ​ និងបរទេសផងនោះ បានបន្ថែមទៀតថា អ្នកនាង ប៉ុមពុយ ចាប់ផ្ដើមក្លាយជាតារាកំប្លែង នៅក្នុងឆ្នាំ២០០០ តាមរយៈអធិរាជស្តេចកំប្លែង គឺលោក អ៊ូ ប៊ុណ្ណារ៉ាត់ ហៅនាយ ក្រឹម។ ពេលនោះ អ្នកនាង គឺជាតារាចម្រៀងផង និងជាតារាកំប្លែងផង ដោយកាលពីទសវត្សរ៍២០០០ អ្នកនាង ប៉ុមពុយ គឺជាអ្នកចម្រៀងច្រៀងប្រចាំឲ្យភោជនីយដ្ឋានភ្នំមាស និងលេងកំប្លែងជាប្រចាំឲ្យភោជនីយដ្ឋាន រ៉េនបូ។

គួរបញ្ជាក់ផងដែរថា បច្ចុប្បន្ននេះ អ្នកនាង ប៉ុមពុយ នៅតែបន្តអាជីពជាតារាកំប្លែង ប៉ុន្តែហាក់ដូចជាមិនត្រូវបានសារព័ត៌មានណាលើកយកមកនិយាយ ដោយសព្វថ្ងៃនេះ អ្នកនាងលេងកំប្លែងជាប្រចាំឲ្យក្រុមរបស់ នាយ ខ្ជឹប ប្រចាំនៅទូរទស្សន៍ទទក៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor