
ភ្នំពេញៈ នេះមិនមែនជាលើកទីមួយទេ ដែលបណ្ដាញសង្គមហ្វេសប៊ុករិះគន់រដ្ឋាភិបាល បានចោទគ្រួសារត្រកូលហ៊ុន ហើយលើកឡើងថា បានលាក់លុយនៅក្រៅប្រទេសរាប់រយលានដុល្លារ ប៉ុន្តែមន្រ្តីរដ្ឋាភិបាលកម្ពុជា បានច្រានចោល ដោយចាត់ទុកថា ជារឿងបរិហារកេរ្តិ៍។
អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្រ្តី លោក ផៃ ស៊ីផាន បានចាត់ទុកថា នេះជារឿងបរិហារកេរ្តិ៍សាធារណៈ ដែលថា លោក ហ៊ុន ម៉ាណែត លាក់លុយនៅធនាគារបារាំងរាប់រយលានដុល្លារ ហើយរដ្ឋាភិបាលក៏មិនដែលខ្វល់ទៅនឹងការរិះគន់ទាំងនេះដែរ។
ថ្លែងផ្ដល់បទសម្ភាសន៍ជាមួយសារព័ត៌មាន CAM POST មន្រ្តីជាន់ខ្ពស់រដ្ឋាភិបាល លោក ផៃ ស៊ីផាន បានបញ្ជាក់នៅម៉ោង១២និង៣៤នាទីរសៀលថ្ងៃទី៣០ តុលា ២០១៧ នេះថា “យើងមិនដែលចាប់អារម្មណ៍ទៅនឹងការរិះគន់នេះទេ ប៉ុន្តែយើងសុំបំភ្លឺសាធារណជនថា លោក ហ៊ុន ម៉ាណែត កូនប្រុសច្បងនាយករដ្ឋមន្រ្តីកម្ពុជា គ្មានលុយឯណារាប់រយលានដុល្លារទៅដាក់នៅក្រៅប្រទេសទេ... ក្នុងនាមអ្នកនាំពាក្យរដ្ឋាភិបាល ករណីនេះ ជារឿងបរិហារកេរ្តិ៍សាធារណៈសុទ្ធសាធ គ្មានភស្តុតាងច្បាស់លាស់ ”។
លោក ផៃ ស៊ីផាន បន្ថែមថា លោក ហ៊ុន ម៉ាណែត មានតែការងារមនុស្សធម៌ ដែលលោកត្រូវគិតគូរ ហើយថ្មីៗនេះ សម្តេចនាយករដ្ឋមន្រ្តី ក៏ធ្លាប់បដិសេធហើយថា គ្រួសារសម្ដេចគ្មានលុយឯណារាប់រយលានដុល្លារទៅដាក់នៅក្រៅប្រទេសទេ ។
យោងទៅតាមគេហទំព័រហ្វេសប៊ុកឈ្មោះ ម៉ែន ណាត បានផ្សាយនៅព្រឹកថ្ងៃចន្ទនេះថា លោក ហ៊ុន ម៉ាណែត លាក់លុយនៅធានាគារបារាំង ប្រមាណ២០០លានដុល្លារ និងមានឈ្មោះក្នុងបញ្ជីដេញថ្លៃ ទីស្នាក់ការបក្ស Le Parti socialiste ទឹកប្រាក់កើនឡើង ៥៨,៥ លានអឺរ៉ូ។
ហ្វេសប៊ុកដដែលបានសរសេរទៀតថា ដំណឹងផ្ញើលុយដ៏សន្ធឹកសន្ធាប់នេះ កើតចេញមកពីការបែកធ្លាយថា ហ៊ុន ម៉ាណែត មានឈ្មោះនៅក្នុងបញ្ជីដេញថ្លៃ អគារគណបក្សប្រជាធិបតេយ្យសង្គម (Le Parti socialiste) ក្នុងទឹកប្រាក់ប្រមាណ ៥៧ លានអឺរ៉ូ កាលពីខែកញ្ញា ២០១៧។ រហូតមកដល់ពេលនេះ ហ៊ុន ម៉ាណែត ហ៊ានដេញថ្លៃកើនឡើង នូវទឹកប្រាក់ ៥៨,៥ លានអឺរ៉ូហើយ។ អគារនេះ បានដាក់ឲ្យដេញថ្លៃ កាលពីខែកញ្ញា ឆ្នាំ២០១៧ ដែលមានតម្លៃចន្លោះពី ៤០លានអឺរ៉ូ ទៅ៧០លានអឺរ៉ូ ។
សំណេរក្នុងហ្វេសប៊ុកដដែល បានសរសេរទៀតថា អគារ Le Parti socialiste គឺជាទីស្នាក់ការកណ្តាលគណបក្ស របស់អតីតប្រធានាធិបតី François Hollande ស្ថិតនៅផ្លូវ rue de Solférino សង្កាត់ទី៧ ទីក្រុងប៉ារីស (7e arrondissement de Paris) ដែលមានទំហំ៣០០០ម៉ែត្រការ៉េ។ (កាសែតឡឺម៉ុងដ៍ Le Monde, ចំណងជើង៖ Le Parti socialiste va mettre en vente son siège rue de Solférino, 09-9-2017)។
មន្រ្តីរដ្ឋាភិបាលកម្ពុជា បានលើកឡើថា ការរិះគន់ និងចោទទាំងនេះ មិនមែនជាលើកទី១ទេ ហើយសម្ដេច ហ៊ុន សែន និងក្រុមគ្រួសាររបស់លោក ក៏មិនដែលចាប់អារម្មណ៍ដែរ៕

