Sponsor
អាម៉ាប៉ាប៉ាញ៉ូស

នៅព្រឹកនេះ ពិធីបុណ្យគម្រប់ខួប៧ថ្ងៃ​ឧទ្ទិស​កុសលផល​បុណ្យ​ជូនតារាចម្រៀង សាន ស្រីឡៃ បានកំណត់ឡើងច្បាស់ហើយ គឺត្រូវបានប្រារពឡើងនៅវត្តទួលទំពួង និងជួបជុំភ្ញៀវនៅវេលាម៉ោង២រសៀលថ្ងៃទី២១ និងបញ្ចប់នៅព្រឹកថ្ងៃបន្ទាប់ ។ ពិធីបុណ្យនេះតារាចម្រៀង ពេជ្រ សោភា ជាអ្នកចំណាយលើការរៀបចំ និងទទួលភ្ញៀវប្រមាណជា៧០ភាគរយ និង៣០ភាគរយគ្រួសារម្តាយ ស្រីឡៃ ចំណាយ។

ពេជ្រ សោភា បានប្រាប់លោក តាន់ ចន្ថា អ្នកផលិតព័ត៌មាន Kqube News ថា “ចា៎ ! បងកម្មវិធីបុណ្យគម្រប់ខួប៧ថ្ងៃ របស់ ស្រីឡៃ គឺខ្ញុំជាអ្នកផ្តើមគំនិតរៀបចំឡើង តែកម្មវិធីបុណ្យនេះខ្ញុំមិនបានធ្វើធំដុំទេ គឺធ្វើតែ១០តុទេ ហើយការចំណាយលើកម្មវិធីបុណ្យ ដំបូងឡើយខ្ញុំគិតថា ចង់រ៉ាប់រងទាំងអស់ដែរ តែដោយយល់ឃើញថា ទុកចំណែកមួយផ្នែកឲ្យគ្រួសារគាត់មានម្តាយ និងប្អូន បានចូលរួមក្នុងការចំណាយដែរ ទើបខ្ញុំបានឲ្យគាត់ចំណាយលើការប្រគេនព្រះសង្ឃក្នុងកម្មវិធីបុណ្យ ដើម្បីជាចំណែករបស់សាច់ញាតិ​ឧទ្ទិស​ជូនដល់ ស្រីឡៃ ផងដែរ”។

តារាចម្រៀង និងធ្លាប់ជា Coch របស់ សាន ស្រីឡៃ រូបនេះ បានបញ្ជាក់ដែរថា “ពិធីបុណ្យនេះពេលគិតភ្លាមៗខ្ញុំចង់ធ្វើនៅវត្តសែនសុខផងដែរ ប៉ុន្តែដោយសារវត្តនោះទីតាំងឆ្ងាយពិបាកអ្នកទៅចូលរួម ខ្ញុំក៏សម្រេចដើររកសុំវត្តក្នុងក្រុង ហើយក៏បាននៅវត្តទួលទំពួងតែម្តង”។ តារាល្បី ពេជ្រ សោភា បន្តថា ការដែលនាងរៀបចំពិធីបុណ្យនេះឡើង មកពីនាងមិនអស់អាល័យ និងអាណិត ស្រីឡៃ ខ្លាំង ព្រោះកាលពីគាត់នៅរស់គេជាបុគ្គលម្នាក់មាន​ចរិត​លក្ខណៈល្អណាស់ ស្រឡាញ់រាប់អានក្រុមការងារ មិត្តភក្តិគ្រប់គ្នា ចំណុចនេះហើយ ដែលធ្វើឲ្យនាងសុខចិត្តចំណាយលុយផ្ទាល់ខ្លួនរៀបចំពិធីបុណ្យ៧ថ្ងៃឧទ្ទិសជូនគាត់៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor