
ភ្នំពេញៈ ទោះបីជាមានការទទូចពីបណ្តាមតិមួយ ក៏ដូចជាបណ្តាប្រទេសមួយចំនួនក្តី មន្ត្រីជាន់ខ្ពស់គណបក្សកាន់អំណាច បានអះអាងថា មិនមានការលើកលែងទោសដល់ជនក្បត់ជាតិឡើយ។
លោក សុខ ឥសាន អ្នកនំាពាក្យគណបក្សប្រជាជនកម្ពុជា បានឲ្យដឹងនៅថ្ងៃទី២០ តុលា ឆ្នាំ២០១៧ថា នៅលើលោកនេះ មិនដែលមានការលើកលែងការចោទប្រកាន់ និងលើលែងទោសជនក្បត់ជាតិឡើយ។
លោកបញ្ជាក់ថា «នៅពេលដែលលោក កឹម សុខា បាននឹងកំពុងប្រឈមនឹងបទល្មើសក្បត់ជាតិ ដែលបានឃុបឃិតសន្និដ្ឋភាពជាមួយបរទេស ដាក់ខ្លួនធ្វើជាអាយ៉ងបរទេស អនុវត្តតាមផែនការផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់ តាមបដិវត្តន៍ពណ៌មានមជ្ឈដ្ឋានលំអៀង បានវាយតម្លៃមិនត្រឹមត្រូវពីសភាពការណ៍ពិតរបស់កម្ពុជា ហើយនាំគ្នាបង្ខំឲ្យរាជរដ្ឋាភិបាលកម្ពុជាបោះបង់ចោលវិធានការណ៍ផ្លូវច្បាប់មកលើមេបក្សប្រឆាំង ដោយមិនអើពើ ពីបទល្មើសច្បាប់របស់មេបក្សប្រឆាំង និងបក្សប្រឆាំងទាល់តែសោះ»។
លោក សុខ ឥសាន បានសង្កត់ធ្ងន់ថា នៅលើលោកនេះ គ្មានទេ ការលើកលែងការចោទប្រកាន់ និងលើកលែងទោសឲ្យជនក្បត់ជាតិ ក្បត់ឆន្ទៈរបស់ប្រជាជន ឲ្យរួចខ្លួននោះ។ ការបង្ខិតបង្ខំធ្វើឲ្យជនក្បត់ជាតិរួចខ្លួននោះ វាស្មើនឹងផ្តល់ប័ណ្ណសរសើរជូនជនក្បត់ជាតិ ដែលមិនមានទាល់តែសោះនៅលើលោកនេះ។
លោកបានអះអាងថា ក្នុងនាមជាប្រទេសមួយមានឯករាជ្យ មានអធិបតេយ្យភាព រាជរដ្ឋាភិបាលកម្ពុជា មិនអាចបោះបង់ចោលវិធានការណ៍ផ្លូវច្បាប់ជាដាច់ខាត ហើយស្រវាឱបយកវប្បធម៌នីទណ្ឌភាពមកអនុវត្តន៍រំលោភលើគោលការណ៍លទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋឡើយ ព្រោះនេះហើយ គឺជាស្មារតីនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ថ្ងៃ២៣ តុលា ឆ្នាំ១៩៩១។
ជាមួយគ្នានោះដែរ អ្នកនំាពាក្យបក្សកាន់អំណាច បានលើកឡើងថា ប្រជាជនកម្ពុជានៅចងចាំមិនភ្លេចនៅឡើយទេថា ក្នុងទសវត្សរ៍ ឆ្នាំ១៩៦០ ជនក្បត់ជាតិឈ្មោះ ព្រាប អ៊ិន ត្រូវបានបញ្ជូនទៅប្រហារជីវិតនៅត្រពាំក្រឡឹង ក្នុងខេត្តកំពង់ស្ពឺ។
តែនៅឆ្នាំ២០១៧ នេះ លោក កឹម សុខា ប្រធានគណបក្សប្រឆាំងនៅកម្ពុជា បានប្រព្រឹត្តបទល្មើសសន្និដ្ឋភាពជាមួយបរទេសប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់កើតចេញពីការបោះឆ្នោត ជាបទក្បត់ជាតិ ត្រូវបានចាប់ខ្លួននិងបញ្ជូនទៅឃុំឃាំងនៅមន្ទីរកែប្រែត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ និងត្រូវបានតុលាការចោទប្រកាន់ ហើយកំពុងស្ថិតនៅក្នុងនីតិវិធីរបស់តុលាការ។
ដូច្នេះជន ដែលមានពិរុទ្ធភាពក្នុងអំពើក្បត់ជាតិ មានវាសនាមិនសូវខុសគ្នាប៉ុន្មានទេ ត្រូវជាប់នៅត្រពាំងថ្លុងដូចគ្នា គ្រាន់មួយនៅត្រពាំងក្រឡឹង និងមួយទៀតនៅត្រពាំងផ្លុង។ ប៉ុន្តែអ្នកនៅ ត្រពាំងផ្លុងមានភ័ព្វសំណាងជាង ដោយសារនៅក្នុងសម័យលទ្ធិប្រជាធិបតេយ្យសេរីពហុបក្សនៃកម្ពុជាសម័យថ្មីនេះ មិនមានទោសប្រហារជីវិតទ្បើយ៕
