
ភ្នំពេញៈ បុរស២នាក់ បានជិះម៉ូតូឌុបគ្នាមួយគ្រឿង ហើយបានជ្រុលទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវ បណ្ដាលឲ្យរងរបួសធ្ងន់ទាំងពីរនាក់ តែអ្វីដែលហួសចិត្តនោះ ស្រាប់តែមានជនឆ្លៀតឱកាសបានលើកម៉ូតូ និងទ្រព្យសម្បត្តិមានតម្លៃមួយចំនួន រួចជិះគេចបាត់ ដោយសុវត្ថិភាព មិនរំខានដល់សមត្ថកិច្ចឡើយ ហាក់ដូចជាប្រទេសដែលគ្មានច្បាប់អីចឹង។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង២នឹង៥០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៧ តាមបណ្ដោយ៥៩៨ ម្ដុំត្រឡោកបែក ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
អ្នកឃើញហេតុការណ៍ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញជនរងគ្រោះទាំងពីរនាក់ ជិះម៉ូតូម៉ាក ហុងដាឌ្រីម សេ១២៥ មួយគ្រឿង មិនចាំស្លាកលេខ ធ្វើដំណើរតាមបណ្ដោយផ្លូវ៥៩៨ ក្នុងទិសដៅពីជើងទៅត្បូង ខណៈមកដល់ចំណុចកើតហេតុ ក៏ជ្រុលចង្កូតទៅបុកនឹងក្បាលព្រួញពុះចែកទ្រូងផ្លូវ បណ្ដាលឲ្យរងរបួសធ្ងន់ទាំងពីរនាក់ តែអ្វីហួសចិត្តនោះ គឺជនឆ្លៀតឱកាស៤ទៅ៥នាក់មកលើកយកម៉ូតូ និងឆក់ទូរស័ព្ទ ខ្សែ.ក កាបូបលុយ ពីជនរងគ្រោះគ្មានសល់។
អ្នកឃើញហេតុការណ៍ បានបន្ថែមទៀតថា នៅពេលដែលជនសង្ស័យមកឆ្លៀតឱកាសធ្វើសកម្មភាព គាត់ក៏បានទៅប្រាប់សមត្ថកិច្ច ដែលយាមនៅក្បែនោះ ប៉ុន្តែបែរជាសមត្ថកិច្ចធ្វើព្រងើយ បណ្ដោយឲ្យពួកគេធ្វើសកម្មភាពទៅវិញ។
ក្រោយពេលកើតហេតុ ជនរគ្រោះ ត្រូវបានរថយន្តសាម៉ុយសង្គ្រោះបន្ទាន់ដឹកយកទៅមន្ទីរពេទ្យភ្លាមៗ៕


