Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ នាយករដ្ឋមន្រ្តី នៃប្រទេសកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានថ្លែងស្វាគមន៍ រាល់តំណាងរាស្រ្តមេដឹកនាំគណបក្សប្រឆាំង សមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ មកចូលរួមជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា នៅពេលដែលគណបក្សសង្រ្គោះជាតិ ត្រូវរំលាយនាពេលខាងមុខ ព្រោះមិនចង់ធ្វើបាបអ្នកដែលមិនដឹងថា មេបក្សខ្លួនប្រព្រឹត្តអំពើក្បត់ជាតិ។

ក្នុងឱកាសជួបសំណេះសំណាល ជាមួយកម្មកររោងចក្រ ជាង១ម៉ឺននាក់ នៅតំបន់ទួលសង្កែ នៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៧នេះ សម្ដេច ហ៊ុន សែន បានឲ្យដឹងថា តាមបណ្ដាខេត្តមួយចំនួន មានតែគណបក្ស២ទេ ដែលឈរឈ្មោះបោះឆ្នោតដូច្នេះ គណបក្សប្រជាជនកម្ពុជា ត្រូវតែទទួលយក ។

សម្ដេចថា “នៅពេលគណបក្សនយោបាយ ដែលក្បត់ជាតិត្រូវបានរំលាយ យើងមិនចង់ធ្វើបាបអ្នកមិនដឹងរឿងនោះទេ យើងស្វាគមន៍តំណាងរាស្រ្ត មេដឹកនាំគណបក្សប្រឆាំង សមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ មកចូលរួមជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា។ ចំណែកអាសនៈគណបក្ស ដែលត្រូវរំលាយ ត្រូវបានច្រើន មកគណបក្សប្រជាជនកម្ពុជា យើងនឹងផ្ដល់ឱកាសឲ្យមេឃុំ ចៅសង្កាត់ ដែលចូលរួម ជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា ដើម្បីបន្តតំណែងតទៅទៀត ”។

នៅក្នុងឱកាសនោះផងដែរ សម្តេច ហ៊ុន សែន បានថ្លែងថា ឲ្យតែគណបក្សនយោបាយណាមួយធ្វើខុសពីច្បាប់ ស្តីពីគណបក្សនយោបាយ ត្រូវតែរំលាយមិនថា តែបក្សប្រឆាំងនោះទេ សូម្បីតែគណបក្សកាន់អំណាច ធ្វើខុសក៏ត្រូវរំលាយចោលដែរ ។

សម្តេច ហ៊ុន សែន បានធ្វើការក្រើនរំលឹកថា អ្នកពាក់ព័ន្ធញុះញង់ឲ្យកម្មករ ធ្វើបាតុកម្មផ្តួលរំលំរដ្ឋាភិបាល កាលពីចុងឆ្នាំ២០១៣ និងដើមឆ្នាំ២០១៤ មិនមែនចាប់តែមេបក្សប្រឆាំងម្នាក់នោះទេ គឺចាប់ទាំងក្រុមតែម្តង។ អ្នកពាក់ព័ន្ធឥឡូវរត់ទៅអាមេរិកអស់ហើយ បើចិត្តខ្លាំង និងចិត្តសឿង មិនចាំបាច់រត់ទៅណាទេ ម៉េចមិននៅកម្ពុជាទៅ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor