
ភ្នំពេញៈ ក្រុមក្មេងទំនើងបើករថយន្តបាឡែន យ៉ាងលឿនតាមមហាវិថីព្រះមុនីវង្ស រួចបត់ឆ្លងដោយមិនបង្អង់ល្បឿនក៏ជ្រុលទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវ និងបង្គោលភ្លើងស្តុបបាក់ទ្របដល់ដី។ ក្រោយកើតហេតុ ទាំងអ្នកបើកបរ និងអ្នករួមដំណើរជាមួយគ្នា៣នាក់ បានឡើងជិះម៉ូតូគេចខ្លួនបាត់តែម្តង បន្សល់ទុករថយន្តនៅកន្លែងកើតហេតុ។
ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង១៖៤០នាទី យប់រំលងអធ្រាត្រឈានចូលថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៧ នៅចំណុចទល់មុខវិទ្យាស្ថានជាតិ ផ្លូវលេខ៩៦ កែងមហាវិថីព្រះមុនីវង្ស ស្ថិតក្នុងមូលដ្ឋានសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
សាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គឺរថយន្តនេះ បើកបរពីត្បូងមក លុះដល់ចំណុចកើតហេតុ រថយន្តនោះបត់ឆ្លងឡើងមកទិសខាងកើតផ្លូវលេខ៩៦ ហើយក៏ជ្រុលបុកបង្គោលភ្លើង និងបង្គោលភ្លើងស្តុប បណ្តាលឲ្យបាក់ទ្រប និងរថយន្តរងនូវការខូចខាតយ៉ាងដំណំផងដែរ។ ប្រភពបន្តថា ក្រោយមក ក៏ឃើញមនុស្ស៣នាក់ ចេញពីរថយន្ត រួចជិះម៉ូតូទៅបាត់តែម្តង។
សមត្ថកិច្ចនិយាយថា រថយន្តបង្កហេតុម៉ាក កាមរីបាឡែន ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AB-3120។ ក្រោយកើតហេតុ ម្ចាស់រថយន្តគេចខ្លួនបាត់ស្រមោល ហេតុដូច្នេះសមត្ថកិច្ចបានស្ទូចយកទៅរក្សាទុកនៅការិយាល័យចរាចណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីឲ្យភាគីម្ចាស់រថយន្តចូលខ្លួនដោះស្រាយតាមច្បាប់៕





