
សង្គ្រាមពាក្យសម្ដីរវាងរដ្ឋាភិបាលជប៉ុន និងកូរ៉េខាងជើង ដោយក្រុងតូក្យូ បានស្នើឲ្យបណ្ដាលប្រទេសទាំងអស់ជុំវិញពិភពលោក ដាក់ទណ្ឌកម្មប្រឆាំងនឹងកូរ៉េខាងជើង ដែលគំរាមកំហែងបញ្ចេញអាវុធនុយក្លេអ៊ែរ ដើម្បីកម្ទេចប្រទេសជិតខាង ឲ្យចេញពីផែនទីសកលលោក។ នេះបើយោងតាមគេហទំព័រសារព័ត៌មាន Sputnik បានចេញផ្សាយនាព្រឹកថ្ងៃពុធ ទី០៤ ខែតុលា ឆ្នាំ២០១៧។

នៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ កាលពីខែកញ្ញា នាយករដ្ឋមន្ត្រីជប៉ុនលោក ស៊ីនហ្សូ អាបេ បានអំពាវនាវដល់ប្រជាជាតិនានា ឲ្យរាំងស្ទាក់ទំនិញ លុយកាក់ និងបច្ចេកវិទ្យារបស់កូរ៉េខាងជើង ក្នុងការជួយដល់កម្មវិធីមីស៊ីលក្រុងព្យុងយ៉ាង។

ទីភ្នាក់ងារព័ត៌មានមជ្ឈិមកូរ៉េ (KCNA) ដែលជាប្រព័ន្ធផ្សព្វផ្សាយរបស់កូរ៉េខាងជើង បានរិះគន់យោបល់របស់លោក អាបេ ដោយសរសេរថា “គ្មាននរណាម្នាក់ដឹងថា នៅពេលដែលស្ថានភាពប៉ះទង្គិចនេះ នឹងនាំទៅដល់សង្គ្រាមនុយក្លេអ៊ែរនោះទេ ប៉ុន្តែប្រសិនបើដូច្នោះប្រជុំកោះរបស់ជប៉ុន នឹងត្រូវបានឆាបឆេះនៅក្នុងអណ្ដាតភ្លើងសង្គ្រាមជាមិនខាន”។

គួរបញ្ជាក់ផងដែរថា នៅខែសីហា និងខែកញ្ញា ទីក្រុងព្យុងយ៉ាង បានបាញ់សាកល្បងគ្រាប់មីស៊ីលផ្លោងរយៈចម្ងាយមធ្យម Hwasong-12 ដែលឆ្លងកាត់លើប្រជុំកោះជប៉ុន ជាច្រើនលើកច្រើនសារ បណ្ដាលឲ្យប្រជាជន មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង៕
