
ភ្នំពេញៈ លោកស្រី កែវ សារី ម្ដាយលោ ថោង សារ៉ាត់ ត្រូវបានបញ្ជូនមកកាន់សាលាឧទ្ធរណ៍កាលពីព្រឹកថ្ងៃទី៤ តុលា ឆ្នាំ២០១៧នេះ ដើម្បីបើកសវនាការលើសំណុំរឿងសុំស្រូបទោសរបស់គាត់ តែសវនាការនេះ មិនដំណើរការបានតាមនីតិវិធីទេ ដោយសារជនត្រូវចោទបានដកពាក្យបណ្ដឹងឈប់ប្ដឹងវិញ ហើយគាត់មិនព្រមចុះពីរថយន្តរបស់មន្ត្រីពន្ធនាគារ។
ប្រភពព័ត៌មានពីសាលាឧទ្ធរណ៍បានឲ្យដឹងថា លោកស្រី កែវ សារី ត្រូវបានបញ្ជូនមកកាន់សាលាឧទ្ធរណ៍ ដើម្បីបើកសវនាការលើបណ្ដឹងសុំស្រូបទោសរបស់គាត់ តែពេលមកដល់តុលាការគាត់បានបដិសេធមិនចុះពីរថយន្តចូលរួមក្នុងសវនាការទេ ដោយគាត់បញ្ជាក់ថា គាត់បានដកពាក្យឈប់ប្ដឹងស្រូបទោសនេះវិញហើយ ដូច្នេះគាត់មិនចាំបាច់ចូលរួមសវនាការទេ។
ទោះបីយ៉ាងណា មន្ត្រីតុលាការ បានប្រាប់ថា រឿងក្ដីរបស់លោកស្រី កែវ សារី ម្ដាយលោក ថោង សារ៉ាត់ នឹងប្រកាសសាលដីកានៅថ្ងៃទី ១៨ តុលា ឆ្នាំ២០១៧ខាងមុខ ។
គួររំលឹកថា ចៅក្រមសាលាដំបូងរាជធានីភ្នំពេញលោក យិន សារឿននៅព្រឹក ថ្ងៃទី៥ ខែកញ្ញាឆ្នាំ ២០១៦ បានសម្រេចផ្តន្ទាទោសម្តាយលោក ថោង សារ៉ាត់ គឺអ្នកស្រីកែវ សារី ដាក់ពន្ធនាគារពីរឆ្នាំពិន័យ៤លានរៀលចូលថវិការដ្ឋ និងផ្តន្ទាទោសអតីតឧត្ដមសេនីយ៍យោធានិងជាមនុស្សជំនិតបំផុតរបស់ លោក អាំង មាលតីអតីតប្រធានសាលាដំបូងរាជធានីភ្នំពេញគឺលោក ពេជ្រ ព្រហ្មមុនី ដសក់ពន្ធនាគាររយៈពេល៥ឆ្នាំតែអនុវត្តទោសត្រឹមពីរឆ្នាំប៉ុណ្ណោះ និងលើកលែងបទចោទជ្រៀតជ្រែកមុខងារសាធារណៈ។
លោកចៅក្រម យិន សារឿន ផ្តន្ទាទោសអ្នកស្រី កែវ សារី ក្រោមការចោទប្រកាន់ពីបទ ជំនួញ ឥទ្ធិពលសកម្ម តាមមាត្រា ៦០៦ នៃក្រមព្រហ្មទណ្ឌ និង ផ្តន្ទាទោសលោក ពេជ្រ ព្រហ្មមុនី ពីបទ ជំនួញឥទ្ធិពលអកម្ម តាមមាត្រា ៥៩៥នៃក្រមព្រហ្មទណ្ឌ ប្រព្រឹត្តនៅភោជនីយដ្ឋាន One More ក្នុងខណ្ឌទួលគោក កាលពីថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៥ ។
ដូច្នេះក្នុងសំណុំរឿងព្រហ្មទណ្ឌ២ គឺករណីរក្សាទុក កាន់កាប់អាវុធខុសច្បាប់ដែលតុលាការផ្ដន្ទាទោសលោកស្រីកែវ សារីដាក់ពន្ធនាគារ២ឆ្នាំ និងសំណុំរឿងជំនួញឥទ្ធិពលសកម្មតុលាការបានផ្ដន្ទាទោសកំណត់២ឆ្នាំទៀត គឺលោកស្រី កែវ សារី ត្រូវមានទោសជាប់ពន្ធនាគារ៤ឆ្នាំ គិតពីថ្ងៃចាប់ឃុំខ្លួនថ្ងៃទី ០៧មករា ឆ្នាំ២០១៥ ៕
