
ភ្នំពេញៈ ខណៈពេលស្ថានការនយោបាយកំពុងតែស្ថិតនៅមាត់ជ្រះរបស់គណបក្សប្រឆាំងកំពុងតែនឹងរងការំលាយចោលនោះ មន្ត្រីជាន់ខ្ពស់គណបក្សកាន់អំណាច បានអះអាងថាស្ថានការនេះ មកពីប្រធានគណបក្សប្រឆាំងពីរ (លោក កឹម សុខា និងលោក សម រង្ស៊ី ) ធ្វើនយោបាយខុស ឬជានយោបាយចំណេះជិះកឯង។
លោក សុខ ឥសាន អ្នកនំាពាក្យគណបក្សប្រជាជនកម្ពុជា បានឲ្យដឹងតាមប្រព័ន្ធតេឡេក្រាមថា ការឈានដល់ដំណាក់កាលដូចបច្ចប្បន្ននេះ គឺចេញមកពីអំពើប្រព្រឹត្តខុសឆ្គងរបស់សាម៊ីជន សម រង្សី និង កឹម សុខា ផ្ទាល់ គ្មានការគាបសង្កត់ ការគំរាមកំហែង ឬការធ្វើទុកបុកម្នេញពីខាងក្រៅខ្លួនគាត់ទេ តែគឺជាផលវិបាកនៃនយោបាយចំណេះជិះកឯងតែប៉ុណ្ណោះ សមដូចពាក្យទស្សន៍ទាយរបស់លោកហោរាល្បីឈ្មោះជនជាតិថៃ មិនខុសមែន។
លោកបញ្ជាក់ថា «នយោបាយខុសឆ្គងរបស់មេបក្សប្រឆាំងទាំង២នាក់នេះ បាននាំដល់គុណវិបត្តិធ្ងន់ធ្ងរដល់គណបក្សសាង្គ្រោះជាតិ ដែលត្រូវប្រឈមចំពោះមុខច្បាប់ ស្ដីពីគណបក្សនយោបាយ ដែលនឹងត្រូវរំលាយថែមទៀត ដែលនេះហើយហៅថា ចំណេះជិះកឯង» ។
អ្នកនំាពាក្យគណបក្សកាន់អំណាច បានប្រលយពាក្យរហូតដល់រំលាយគណបក្សប្រឆាំងចោលតាមអំណាចរបស់តុលាការ ឬច្បាប់ដែលមានធរមាន ។ ប៉ុន្តែលោកបានលើកឡើងពីប្រមុខរាជរដ្ឋាភិបាលដោយបានបញ្ជាក់ថា « សម្តេចតេជោ ហ៊ុន សែន រាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា គ្រាន់តែជាអ្នកធានាការអនុវត្តលទ្ធិប្រជាធិបតេយ្យឲ្យដំណើរដោយរលូន និងពង្រឹងនីតិរដ្ឋឲ្យមានប្រសិទ្ធភាព ដើម្បីការពារសន្តិភាព និងស្ថេរភាពនយោបាយ សង្គម ស្របតាមស្មារតីកិច្ចព្រមព្រៀងទីក្រុងលទ្ធិប្រជាធិបតេយ្យប៉ារីសថ្ងៃទី២៣ តុលា ១៩៩១ និងតាមខ្លឹមសាររដ្ឋធម្មនុញ្ញតែប៉ុណ្ណោះ »។
អ្នកនំាពាក្យបក្សកាន់អំណាចក៏បានបណ្តុះបង្គាប់របស់កម្មវិធីនយោបាយរបស់គណបក្សប្រឆាំងថា គ្មានគោលការណ៍ច្បាប់លាស់ និងស្ថិតក្រោមការបញ្ជាក់របស់បរទេស ។ លោក បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ដោយសារកម្មវិធីនយោបាយរបស់គណបក្សប្រឆាំងនៅកម្ពុជា គ្មានគោលការណ៍ច្បាស់លាស់ មិនមានគំនិតខ្លួនឯងសោះ ចាំតែអនុវត្តតាមការគូសវាសនិងចង្អុលបង្ហាញពីបរទេស ទើបមេដឹកនាំគណបក្សប្រឆាំងមួយនេះ ទទួលផលមិនល្អទាល់តែសោះ»។
លោកបន្តថា «សម រង្សី នៅមិននៅដាក់ពាក្យលាលែងពីតំណែង និងពីសមាជិកបក្សដោយខ្លួនឯង ដោយបញ្ជាក់មូលហេតុ បញ្ហាផ្ទាល់ខ្លួន »។
ចំណែកលោក កឹម សុខា នៅមិននៅបានលាតត្រដាងគ្មានលាក់លៀម និងប្រកបដោយមោទនភាពយ៉ាងខ្លាំង ដែលបានទទួលការចាត់តាំងរបស់បរទេសឲ្យប្រព្រឹត្តអំពើក្បត់ជាតិ តាមផែនការយុទ្ធសាស្ត្រ យុទ្ធវិធីដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់របស់សម្តេចតេជោ ហ៊ុន សែន ដែលត្រូវប្រឈមមុខចំពោះមាត្រា ៤៤៣ នៃក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា ពីបទសន្និដ្ឋិភាពជាមួយបរទេស បង្កឲ្យមានអំពើប្រទូស្តរ៉ាយ ចំពោះប្រទេសជាតិ ថ្នាក់ក្បត់ជាតិ ដែលជាហេតុនាំឲ្យសមត្ថកិច្ចចាប់ខ្លួន និងចោទប្រកាន់តាមផ្លូវតុលាការ តាមនីតិវិធីច្បាប់។ ដូច្នេះ សម រង្សី ត្រូវឃ្លាតចេញពីតំណែង និងជាសមាជិ កបក្សក៏ដោយសារខ្លួនឯង។
លោក សុខ ឥសានបានលើកឡើងថា លោក កឹម សុខា ត្រូវចាប់ខ្លួន និងទទួលចោទប្រកាន់ពីតុលាការ ក៏ដោយសារការលាតត្រដាងការពិតនៃអំពើប្រព្រឹត្តល្មើសច្បាប់ និងរំលោភគោលការណ៍លទ្ធិប្រជាធិបតេយ្យ លោភលន់ចង់បានអំណាចមិនប្រកួតប្រជែងត្រឹមត្រូវតាមរយៈការបោះឆ្នោតទេ បែរជាធ្វើសកម្មភាពតាមការបញ្ជាណែនាំរបស់បរទេសទាំងស្រុងតែម្តង ដែលត្រូវប្រឈមមុខនឹងការកាត់ទោសជាប់ពន្ធនាគាររាប់សិបឆ្នាំ៕
