
នៅព្រឹកថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៧នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ប្រគល់សញ្ញាបត្រដល់និស្សិតជ័យលាភីនៃសាកលវិទ្យាល័យឯកទេសនៃកម្ពុជា (CUS) ចំនួន ៥,៨០៨នាក់ ដែលនឹងត្រូវទទួលសញ្ញាបត្រដូចជាបរិញ្ញាបត្ររង បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត នៅមជ្ឍមណ្ឌលកោះពេជ្រ។

ក្នុងឱកាសនេះ សម្ដេច តេជោ បានប្រកាសចេញនូវគោលនយោបាយថ្មីទ្រទ្រង់ផ្នែកសុខុមាលភាពសង្គម ហើយជាការឆ្លើយតប ជាមួយនឹងការប្រកាសចេញជាផ្លូវការនូវគោលនយោបាយជាតិគាំពារសង្គមដែលផ្តោតចេញទៅ លើស្រ្តីឆ្លងទន្លេ ដែលកម្មការនីគឺបានទទួល កូន១ គឺ៤០០,០០០៛ កូនភ្លោះ២គឺបាន ៨០០,០០០៛ កូនភ្លោះ៣ គឺបាន ១,២០០,០០០៛។
បើតាមសេចក្តីសម្រេច (លេខ៥២ សសរ) ដែលបានចុះហត្ថលេខាកាលពីថ្ងៃ ២ធ្នូ ឆ្នាំ ២០០៥ ដែលបានអនុវត្តកាលពីថ្ងៃទី ១ មករា ២០០៦ គឺស្រ្តីជាមន្រ្តីរាជការដែលសម្រាលកូនគឺក្នុង១នាក់ ៦០០,០០០រៀល។
ប៉ុន្តែនៅពេលនេះ គឺរាជរដ្ឋាភិបាលបានបញ្ចូលស្រ្តីដែលជាកងទ័ព និងស្រ្តីជាកងនគរបាលជាតិដែលដែលសម្រាលកូនផងដែរ គឺចាប់ពីខែ មករា ឆ្នាំ ២០១៨ នេះទៅ ស្រ្តីជាមន្រ្តីរាជការស៊ីវិល នគរបាល កងទ័ព នឹងត្រូវទទួលបាន ៨០០,០០០៛ បើបានកូនភ្លោះ២គឺទទួលបាន ១,៦០០,០០០៛ បើបានកូនភ្លោះ៣ គឺទទួលបាន ២,៤០០,០០0៛ ។
ចំពោះគ្រូបង្រៀន និងគ្រូពេទ្យជាស្រ្តី ក៏ទទួលបានប្រាក់ឧបត្ថម្ភដូចខាងលើនេះដែរ។ រដ្ឋមន្តី្រក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងរដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ នឹងរៀបចំសម្រួលគោលនយោបាយជាតិនេះអោយឆាប់អោយចូលជាធរមានឆាប់បំផុត។
