
ខេត្តតាកែវ៖ នៅថ្ងៃទី២១ខែតុលា ឆ្នាំ២០១៧ វេលាម៉ោង ២៣ និង៣០នាទី មានករណីលួចមានស្ថានភាពទម្ងន់ទោស (ប្លន់) មួយកើតឡើងនៅចំណុចផ្ទះរបស់ជនរងគ្រោះឈ្មោះ ណយ រស្មី ភេទស្រីអាយុ២៦ឆ្នាំ(កម្មការិនី) ស្ថិតនៅក្នុងភូមិត្រពាំងស្វាយ ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ បណ្ដាលឲ្យ ជនរងគ្រោះ ត្រូវ០១គ្រាប់ ចំឆ្អឹងជំនីខាងស្តាំ ធ្លាយទៅស្មាខាងស្តាំរងរបួសធ្ងន់។
បើតាមលោកវរសេនីយ៍ទោ ឌុក ធីយា អធិការ ដោយអនុវត្តតាមបញ្ជាដ៍ខ្ពង់ខ្ពស់ពីសំណាក់ឯកឧត្តម ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្ត បានឲ្យដឹងថាៈ
ករណីនេះ បង្កឡើងដោយជនសង្ស័យចំនួន០១នាក់ មិនស្គាល់អត្តសញ្ញាណ បានចូលទៅក្នុងផ្ទះជនរងគ្រោះ គោះទ្វារបន្ទប់ស្រែកថាបើកទ្វារៗ យកលុយអោយអញ បើមិនបើកទ្វារទេអញបាញ់ និងសម្លាប់ចោល តែដោយជនរងគ្រោះមិនព្រមបើកទ្វារជនសង្ស័យបានបាញ់ចំនួន០២គ្រាប់ (ចំសោរ០១គ្រាប់ និងចំកណ្តាលទ្វារ០១គ្រាប់) (ដោយអាវុធខ្លីមិនស្គាល់ម៉ាក) បណ្តាលអោយត្រូវជនរងគ្រោះ០១គ្រាប់ ចំឆ្អឹងជំនីខាងស្តាំ ធ្លាយទៅស្មាខាងស្តាំរងរបួសធ្ងន់។

លោកអធិការបន្ថែមទៀតថាៈ ក្រោយធ្វេីសកម្មភាពហើយជនសង្ស័យបានចេញទៅខាងត្បូងផ្ទះនិងបាញ់ចូលបន្ទប់០១គ្រាប់ទៀត រីឯជនរងគ្រោះបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យរាជធានីភ្នំពេញ។
យោងតាមការពិនិត្យកន្លែងកើតហេតុសមត្ថកិច្ចយេីងប្រមូលបានសំបកគ្រាប់អាវុធខ្លីចំនួន០២គ្រាប់ផ្អែកតាមការបំភ្លឺពីជនរងគ្រោះបញ្ជាក់ថាៈ ជនដែលបាញ់គឺជាឪពុករបស់ខ្លួន។
ករណីនេះសមត្ថកិច្ចជំនាញនៃស្នងការដ្ឋាននគរបាលខេត្តនិងកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកត្រាំកក់ កំពុងធ្វើការស្រាវជ្រាវបន្តនិងកសាងសំណុំរឿងតាមនីតិវិធី។ដោយអនុសេនីយ៍ទោ កុយ សាគឿន។pyl
