
ត្បូងឃ្មុំៈ អំពើឃាតកម្មយ៉ាងសាហាវព្រៃផ្សៃ បានកើតឡើងលើក្រុមគ្រួសារមួយ បណ្ដាលឲ្យ២នាក់ប្តីប្រពន្ធស្លាប់យ៉ាងអាណោចអាធ័ម នៅក្នុងផ្ទះរបស់ខ្លួន ដោយគ្មានអ្នកណាម្នាក់បានដឹង។
តាមគណនី Chea Thavy ដែលក្នុងនាមខ្ញុុំជាគ្រួរសារសពសុំឲ្យបងប្អូនទាំងអស់ជួយស៊ែរបន្តផងដើម្បីបានដល់សម្តេចតេជោហ៊ុនសែន និងសម្ដេចគតិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានីហ៊ុនសែនមេត្តាជួយរកមុខឃាតករដែលបានអារ ក សម្លាប់ប្ដីប្រពន្ធលើផ្ទះទាំងពីរនាក់ដែលប្ដីឈ្មោះ គីមសេងគាង និងប្រពន្ធឈ្មោះ ហួយពៅ ស្ថិតនៅភូមិរកាខ្នុរ ទី៥ ឃុុំរកាខ្នុរ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ នៅវេលាថ្ងៃទី ២០ ខែតុលា ឆ្នាំ២០១៧ វេលាម៉ោង៨យប់។ នាងខ្ញុំសូមអរគុណសម្ដេចទាំងពីរទុកជាមុនដែលបានជួយវែកមុខរកឃាតករដែលបានអារកប្ដីប្រពន្ធទាំងពីរ ដើម្បីរកយុត្តិធម៌ជូនកូនដែលកំព្រារទាំងពីរនាក់។




អធិការនគរបាលស្រុកក្រូចឆ្មារ លោក សាំង ហេង បានប្រាប់តាមទូរស័ព្ទកាលពីព្រឹកថ្ងៃទី២២ ខែតុលានេះ ឲ្យដឹងថា ករណីឃាតកម្មនេះ បានកើតមានឡើងកាលពីប្រមាណជាម៉ោង៨យប់ ថ្ងៃទី២០ ខែតុលា ដោយមានអ្នកជិតខាងបានឮសម្លេងស្រែកដែរ តែគ្មានអ្នកចាប់អារម្មណ៍នោះទេ ព្រោះស្មានថា រឿងប្តីប្រពន្ធឈ្លោះប្រកែកគ្នាជាធម្មតា ហើយរហូតដល់ម៉ោងជាង១០ព្រឹក ដោយបាត់មិនឃើញជនរងគ្រោះ ទៅលក់ខោអាវនៅផ្សារ ទើបប្អូនថ្លៃបានតាមរកដល់ផ្ទះ ហើយក៏ប្រទះឃើញជនរងគ្រោះទាំង២នាក់ប្តីប្រពន្ធដេកស្លាប់ដោយមានឈាមហូរស្រោចពេញផ្ទះតែម្ដង។
លោកអធិការបានបន្តថា បើតាមការពិនិត្យរបស់ជំនាញ ករណីនេះ ក្រុមជនដៃដល់បានប្រដាប់ដោយកាំបិត ហើយកាប់ទៅលើជនរងគ្រោះ ជាច្រើនកន្លែង បណ្តាលឲ្យស្លាប់ ទាំង២នាក់ប្តី ប្រពន្ធតែម្តង។
ក្រោយពីកើតហេតុ សមត្ថកិច្ចជំនាញបានចុះធ្វើការសើបអង្កេតស្រាវជ្រាវ ដើម្បីកំណត់មុខសញ្ញាជនសង្ស័យ តែរហូតមកដល់ពេលនេះ សមត្ថកិច្ចមិនចាប់ខ្លួនជនសង្ស័យបាននៅឡើយ៕

