
១- ព្រះបរមរាជវាំង ក៏ដូចរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋទូទាំងប្រទេស នឹងរៀបចំពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ ព្រះបាទសម្ដេច ព្រះនរោត្ដម សីហនុ ដែលទ្រង់បានយាងចូលទិវង្គត នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ វេលាម៉ោង ០១៖២០នាទីយប់ នៅទីក្រុង ប៉េកាំង ប្រទេសចិន។

ព្រះបរមរតនកោដ្ឋ នរោត្ដម សីហនុ ប្រសូតនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ១៩២២ នៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា, ព្រះអង្គ បានលះបង់ព្រះកាយពល ធ្វើបូជនីយកិច្ច ទាមទារឯករាជពីអាណាព្យាបាលបារាំង បានដោយពេញលេញ នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣។

២- ក្រុមហ៊ុន សុខា អូតែល បានស្ម័គ្រចិត្តឈប់លក់សំបុត្រយកថ្លៃចូលកម្សាន្ត នៅក្នុងឧទ្យានជាតិព្រះមុនីវង្ស “បូកគោ” និងរមណីយដ្ឋានបូកគោ ដែលនឹងចូលជាធរមាន ចាប់ពីវេលាម៉ោង ០០៖០០នាទី ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៧ តទៅ។ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល យល់ថា ការឈប់លក់សំបុត្រយកថ្លៃចូលឧទ្យានជាតិនេះ នឹងជួយសម្រួលដល់បងប្អូនជនរួមជាតិ ក៏ដូចជាភ្ញៀវទេសចរណ៍ទាំងអស់ ដែលបានឡើងទៅទស្សនាកម្សាន្តនៅលើតំបន់រមណីយដ្ឋានប្រវត្តិសាស្រ្តមួយនេះ។

៣- ប្រជាពលរដ្ឋទូទាំងប្រទេស នឹងត្រូវឈប់បង់លុយថ្លៃធ្វើដំណើរឆ្លងកាត់ ស្ពានព្រែកព្នៅ និងផ្លូវតភ្ជាប់ពីផ្លូវជាតិលេខ០៦ ទៅផ្លូវជាតិលេខ០៥ របស់ក្រុមហ៊ុន លី យ៉ុងផាត់ ចាប់ពីម៉ោង ០០៖០០នាទី ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៧ នេះតទៅ។ ស្ពានព្រែកព្នៅ និងផ្លូវបេតុងនេះ ត្រូវបានវិនិយោគសាងសង់ ចាប់ពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០០៨ ហើយត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១០ ។ សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា នេះជាការដោះស្រាយនូវការលំបាក, ជួយលើកកម្ពស់ជីវភាពរស់នៅ និងការធ្វើដំណើររបស់ប្រជាជន។

៤- សម្ដេចតេជោ ហ៊ុន សែន បានប្រកាសអនុញ្ញាតឲ្យ កីឡាករ-កីឡាការិនីជំនាញ ប្រមាណ៥ពាន់នាក់ ប្រើប្រាស់រថយន្តក្រុងរបស់រាជធានីភ្នំពេញ ដោយឥតគិតថ្លៃ ចាប់ពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៧នេះ ។ ការមិនយកលុយកីឡាករ-កីឡាការិនីជំនាញនេះ គឺដូចគ្នាទៅនឹងកម្មករ-កម្មការិនីដូច្នោះដែរ។ ខាងលើនេះ ជាព្រឹត្តិការណ៍សំខាន់ៗ ចំនួន០៤ ដែលកើតឡើងក្នុងថ្ងៃតែមួយ គឺនៅថ្ងៃទី១៥ ខែតុលានេះ៕
