Sponsor
អាម៉ាប៉ាប៉ាញ៉ូស

​​កំពង់ឆ្នាំងៈ ប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ឆ្នាំង ដែលអញ្ជើញជាភ្ញៀវកិត្តិយស មានការភ្ញាក់ផ្អើល ហើយបានសរសើមិនដាច់ពីមាត់ ក្នុងពិធីមង្គលការមួយ កាលពីព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៧ ដែលមានកូនកម្លោះជាលោកអាចារ្យ និងកូនក្រមុំជាសីលវត្តី នៅក្នុងវត្តធម្មវ័ន្ត បាននិមន្តព្រះសង្ឃ១០២អង្គ មកពីវត្តចំនួន១១ នៅក្នុងខេត្តកំពង់ឆ្នាំង ដើម្បីឆាន់ចង្ហាន់ថ្ងៃត្រង់។

​សាច់ញ្ញាតិក្រុមគ្រួសារកូនកម្លោះបានឲ្យដឹងថា លោកអាចារ្យដែលជាកូនកម្លោះនេះ ឈ្មោះ សោម សុផាត អាយុ៣៤ឆ្នាំ មានស្រុកកំណើតនៅភូមិអាលាំងកែ ឃុំចោងម៉ោង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ស្នាក់នៅធ្វើជាអាចារ្យ នៅវត្តធម្មវ័ន្ត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។ ចំណែកសីលវត្តី ជាកូនក្រមុំវិញនោះ ឈ្មោះ ធឿន សុភី អាយុ៣៩ឆ្នាំ រស់នៅក្នុងឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។

​ក្រុមគ្រួសារកូនកម្លោះបានឲ្យដឹងបន្ថែមទៀតថា ពិធីមង្គលការនេះ គឺធ្វើទៅតាមទំនៀមទម្លាប់ជាហូរហែរ ចាប់តាំងពីល្ងាចថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៧ និងបានគ្រោងហៅភ្ញៀវប្រមាណជាង៥០តុ ដែលមានសាច់ញាតិបងប្អូនទាំងខាងកូនកម្លោះ និងកូនក្រមុំផងដែរ។

​ប្រភពខាងលើបញ្ជាក់ទៀតថា រាល់ពិធីមង្គលការរបស់ប្រជាពលរដ្ឋទូទៅមិនអាចធ្វើបាននោះឡើយ  គឺមង្គលការលោកអាចារ្យ និងសីលវត្តីនេះ បានផុសត្រដែតឡើង ធ្វើឲ្យភ្ញៀវដែលចូលរូមក្នុងពិធីកាន់តែភ្ញាក់ផ្អើល នឹកស្មានមិនដល់ និងបានសម្តែងនូវការកោតសរសើរគ្រប់មាត់ថា ពិតជាប្រពៃខ្លាំងណាស់ ហើយពុំដែលឃើញពិធីមង្គលការណាបានធ្វើដូច្នេះនោះទេ ហើយប្រសិនបើរាល់ពិធីមង្គលការទាំងអស់អាចធ្វើបានដូចនេះ ពិតជាបានបំពេញនូវបុណ្យកុសលធំធេង។

​លោកបានបញ្ជាក់ផងដែរថា សម្រាប់ថ្ងៃបន្ទាប់ពីសូត្រមន្ត នៅព្រឹកថ្ងៃបន្ទាប់ ក្រោយពីប្រារព្ធតាមទំនៀមទម្លាប់រួចមក នៅវេលាម៉ោងជាង១០ព្រឹក បើរាល់ពិធីមង្គលការសព្វដង ម្ចាស់ដើមការតែងតែអញ្ជើញភ្ញៀវពិសាភោជនីអាហារ និងមានដាក់ស្រាបៀរនៅតាមតុនីមួយៗ។ ប៉ុន្តែពិធីមង្គលការ របស់លោកអាចារ្យ និងសីលវត្តីនេះវិញ គឺផ្ទុយស្រឡះពីពិធីមង្គលរាល់ដង ដោយនៅពេលទទួលភ្ញៀវ ស្រាប់តែឃើញមានព្រះសង្ឃ១០២អង្គ ដែលនិមន្តមកពីវត្តចំនួន១១វត្ត និមន្តមកឆាន់ចង្ហាន់ត្រង់ ហើយនៅលើតុមានចង្ហាន់រហូតដល់៦មុខ និងភេសជ្ជៈ ចំណែកសម្លេងធុងបាស់ បែ្រជាធម៌ពុទ្ធជ័យមង្គលជូនដល់គូស្វាមី ភរិយាថ្មីថ្មោងនេះទៅវិញ។ ហើយនៅក្នុងរោងមង្គលជ័យទាំងមូល ភ្ញៀវកិត្តិយសដែលអញ្ជើញចូលរួម ពិតជាមានសទ្ធាជ្រះថ្លា និងបានចូលរួមកុសលផលបុណ្យដោយទឹកចិត្តជ្រះថ្លាជាមួយនឹងម្ចាស់ដើមការ ក្នុងការបំពេញនូវទានបារមីដែលកើតចេញនាពេលនេះ។

​ក្រោយពីនិមន្តព្រះសង្ឃឆាន់ចង្ហាន់ត្រង់រួចហើយ ម្ចាស់ដើមការដែលមានកូនកម្លោះ​ជា លោកអាចារ្យ និងកូនក្រមុំជាសីលវត្តីនោះ បានប្រគេនបច្ច័យដល់ព្រះសង្ឃមួយអង្គ៥ម៉ឹនរៀលផងដែរ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor