Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ បុរសម្នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួនភ្លាមៗ បន្ទាប់ពីធ្វើសកម្មភាពលួចទូរស័ព្ទពីក្នុងរថយន្តឡិចស៊ីស470 មួយគ្រឿង ដែលបង្កគ្រោះថ្នាក់ចរាចរណ៍នៅមហាវិថីមៅស៊ីទុង ខណៈដែល​ម្ចាស់គេចខ្លួនបាត់ ដោយភ្លេចទូរស័ព្ទនៅក្នុងរថយន្ដ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១២និង១០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៧ នៅតាមបណ្ដោយមហាវិថីម៉ៅសេទុង កែងនិងផ្លូវលេខ១៩៣ ស្ថិតក្នុងសង្កាត់ទួលស្វាយព្រៃ១ ខណ្ឌចំការមន ។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋ ដែលឃើញហេតុការណ៍ បានឲ្យ​ដឹងថា មុនពេលកើតហេតុមានរថយន្តបង្កម៉ាកឡិចស៊ិស470 ពណ៌ស្ករ ពាក់ស្លាកលេខភ្នំពេញ 2G-7801បានបើកបរតាមបណ្ដោយផ្លូវម៉ៅសេទុង ទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុ ក៏ស្រាប់តែទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវចំពីចំហៀងកង់មុខផ្នែកខាងឆ្វេងយ៉ាងពេញទំហឹង បណ្ដាលឲ្យ​របាំងថ្ម បាក់ចេញពីគ្នា២កង់ រីឯរថយន្តបង្កបានបន្តបើកទៅមុខប្រហែល១០០ម៉ែត្រ ទើបឈប់ រួចអ្នកបើកបរបានចុះគេចខ្លួនបាត់ ដោយទុករថយន្ដចោល។

មួយសន្ទុះក្រោយមក ស្រាប់តែមានជនសង្ស័យម្នាក់ បានជិះម៉ូតូមួយគ្រឿងម៉ាកវេវ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1CA-1182 មកឈប់ក្បែរថយន្តបង្ក ហើយបើកទ្វាររថយន្តធ្វើដូចជាអ្នកស្គាល់ម្ចាស់រថយន្តអីចឹង រួចបានយកទូរស័ព្ធ១គ្រឿងម៉ាក IPhone 6 plus ចេញពីក្នុងរថយន្ត បម្រុងឡើងម៉ូតូជិះគេចខ្លួន តែត្រូវបានអ្នកនៅកន្លែងកើតហេតុនាំគ្នាសួរដេញដោល ដោយជនសង្ស័យឆ្លើយធ្វើអេសអុញ ទើបពួកគាត់ចាប់ប្រគល់ឲ្យ​សមត្ថកិច្ចមូលដ្ឋានតែម្ដង។

សមត្ថកិច្ច បានឲ្យ​ដឹងថា ជនសង្ស័យឈ្មោះ លឹម លីកា ភេទប្រុស អាយុ៣០ឆ្នាំ មានមុខរបរជាងរថយន្តនៅម្ដុំផ្សារដេប៉ូទី១ ខណ្ឌទួលគោក និងមានស្រុកកំណើតក្នុងភូមិផ្សា ឃុំព្រែកតាម៉ាក ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ។

ចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា រូបគេពិតជាបានបើកទ្វារថយន្តលួចយកទូរស័ព្ទ១គ្រឿងពិតប្រាកដមែន។

បច្ចុប្បន្ន ជនសង្ស័យខាងលើ រួមនិងវត្ថុតាំង ត្រូវបានសមត្ថកិច្ចឃាត់នៅប៉ុស្ដិ៍នគរបាលទួលស្វាយព្រៃ១ ដើម្បីកសាងសាណុំរឿងចាត់ការតាមផ្លូវច្បាប់ ។ ដោយឡែករថយន្តឡិចស៊ីស470 ដែលបើកបុករបាំងថ្មពុះចែកទ្រូងផ្លូវខាងលើ ត្រូវបានសមត្ថកិច្ចជំនាញចរាចរណ៍ចុះមកធ្វើការវាស់វែងយកទៅរក្សាទុក នៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ រង់ចាំដោះស្រាយនៅពេលក្រោយ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor