
ភ្នំពេញៈ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានផ្តាំផ្ញើត្រឡប់ទៅអតីតមេបក្សប្រឆាំងលោក សម រង្ស៊ី ថា ស្គាល់សម្តេចតេជោ និងទាហានខ្មែរតិចពេកហើយ ហើយក៏មិនទាន់ដល់ពេលវេលាបក្សប្រឆាំង ធ្វើដាក់សម្តេចឡើយ។
កាលពីពេលថ្មីៗនេះ មានការបែកធ្លាយវីដេអូ ជិត២នាទី របស់លោក សម រង្ស៊ី កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១១ ដែលពេលនោះ លោកកាន់តំណែងជាប្រធានគណបក្សសម រង្ស៊ី បានថ្លែងពី ទីក្រុងឡូវែល រដ្ឋម៉ាស្សាឈូសែត សហរដ្ឋអាមេរិក ដោយអំពាវនាវឲ្យប្រជារាស្រ្តខ្មែរ ជាពិសេសកងកម្លាំងប្រដាប់អាវុធ រួបរួមគ្នាក្រោកឈរបះបោរ បែរកាណុងកាំភ្លើងទម្លាក់សម្ដេចតេជោ ហ៊ុន សែន ចេញពីនាយករដ្ឋមន្រ្តីកម្ពុជា ដែលកើតចេញពីការបោះឆ្នោត ផ្ដល់សេចក្ដី ទុកចិត្តពីពលរដ្ឋរាប់លាននាក់។
សម្តេចតេជោបានថ្លែងក្នុងឱកាស អញ្ជើញចូលរួមបើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ ទន្លេសាប នៅព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៧ថា សម្តេចបានខិតខំប្រឹងប្រែងថែរក្សាសន្តិភាព មកដល់បច្ចុប្បន្នយ៉ាងលំបាកវេទនា ដូច្នេះមិនឲ្យជនក្បត់ជាតិ ដែលស្ថិតនៅក្រោមបញ្ជា របស់បរទេសមកបំផ្លិចបំផ្លាញ កម្ពុជាបានឡើយ។

សម្តេចបន្តទៀតថា សុខចិត្តកម្ចាត់មនុស្សម្នាក់ ប៉ុន្តែមិនឲ្យមនុស្សម្នាក់មកបំផ្លាញប្រទេសជាតិនិងធ្វើបាបពលរដ្ឋឡើយ ហើយប្រសិនបើមានបញ្ហាអ្វីកើតឡើង កម្លាំងប្រដាប់អាវុធត្រូវត្រៀមលក្ខណៈទប់ទល់។
ប្រមុខរាជរដ្ឋាភិបាលបន្ថែមថា “អ្នកមិនទាន់មានសិទ្ធិទេ ប៉ុន្តែអ្នកបានបំពានសិទ្ធិញុះញង់បង្កចលាចល ឲ្យកំលាំងប្រដាប់អាវុធបែរចុងកាណុងមកប្រឆាំងជាមួយរាជរដ្ឋាភិបាល ប៉ុន្តែអ្នកស្គាល់ទាហានកម្ពុជាតិចពេកហើយ អ្នកស្គាល់ហ៊ុន សែន តិចពេកហើយ មិនទាន់ដល់ពេលដែលអ្នកអាចធ្វើបែបនេះ ចំពោះហ៊ុន សែន ។ ហ៊ុន សែន ជាអ្នកស្ថាបនិកនៃកងកំលាំងប្រដាប់អាវុធសាមគ្គីសង្រ្គោះជាតិកម្ពុជា ។ ហ៊ុន សែន ជាអ្នកចិញ្ចឹមបីបាច់កសាងកំលាំងប្រដាប់អាវុធនេះឲ្យរីកធំធាត់ តាំងពីការចាប់ផ្តើមផ្តួលរំលំរបបប្រល័យពូជសាសន៍ប៉ុលពត មកដល់បច្ចុប្បន្ន”។
សម្តេចតេជោបន្តថា បក្សប្រឆាំងមិនទាន់មានលទ្ធភាពផ្តួលរំលំសម្តេចតាមរយៈកំលាំងយោធាទេ បើហ៊ានលោត ក៏ហ៊ានស្លាប់ ហើយត្រៀមធ្វើក្តារមឈូសទុកឲ្យហើយ បើសិនជាអ្នកចង់លេង ហើយបើលេងមិនឈ្នះទេ មានតែគុក ព្រោះគុកសម្រាប់ទុកមនុស្សធ្វើខុសច្បាប់ និងអ្នកក្បត់ជាតិ។ គ្មានប្រទេសណាទុកឲ្យអ្នកខុសច្បាប់ធ្វើភេរវកម្មប្រឆាំងរដ្ឋ ដើម្បីធ្វើជាអធិរាជដឹកនាំប្រទេសនោះទេ៕


