
ភ្នំពេញៈ ជនសង្ស័យប្រុសស្រី៤នាក់ ត្រូវកម្លាំងនគរបាលការិយាល័យ «ក៣» នៃមន្ទីរប្រឆាំងគ្រឿងញៀន ធ្វើការឃាត់ខ្លួន ពាក់ព័ន្ធរក្សាទុក និងជួញដូរថ្នាំញៀន។ ការចុះបង្ក្រាបនេះ ធ្វើឡើងកាលពីល្ងាច ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៧ ស្ថិតនៅក្នុងបន្ទប់ខុនដូរលេខ៥២ ផ្លូវលេខ៣៤៤បេ ក្នុងសង្កាត់បឹងទំពុន ខណ្ឌមានជ័យ។
ប្រតិបត្តិការនេះ ធ្វើឡើងក្រោមការសម្របសម្រួលពីព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញលោក គុជ គឹមឡុង និងដឹកនាំបញ្ជាផ្ទាល់ពី លោកវរសេនីយ៍ទោ ទិត ចំរើន នាយការិយាល័យ «ក៣»។
ក្រោមការឃាត់ខ្លួននេះដែរ សមត្ថកិច្ចបានដកហូតថ្នាំញៀនប្រភេទមេតំហ្វេតាមីន ហៅម៉ាទឹកកកចំនួន៨កញ្ចប់តូចធំ, ទូរស័ព្ទដៃ៥គ្រឿង, ដុំសាកថ្មទូរស័ព្ទ១គ្រឿង, ជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀន២គ្រឿង និងសម្ភារសម្រាប់វេចខ្ចប់ថ្នាំញៀនមួយចំនួនទៀត។
ក្រោយឃាត់ខ្លួន ជនសង្ស័យទាំង៤នាក់ ត្រូវបានសមត្ថកិច្ចនាំយកទៅសួរនាំ នៅមន្ទីរប្រឆាំងគ្រឿងញៀន ដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធី៕





