
ភ្នំពេញៈ ឌុច លីដា បានបង្ហោះលើផេកផ្ទាល់ខ្លួន ជុំវិញករណីរឿងផលិតករក្រឡិចក្រឡុច និងគេចវេះមិនព្រមបើកលុយថ្លៃសម្ដែងឲ្យនាងឡើងផ្អើលហ្វេសប៊ុក។
លោក គាំ ចន្ធី បានចេញមុខមកប្រកាសតែម្ដងថា ផលិតករដែល ឌុច លីដា បង្ហោះបង្ខូចឈ្មោះ ដោយមិនបញ្ជាក់អត្តសញ្ញាណនោះ គឺជារូបលោក ដោយសារតែមុនការបង្ហោះរបស់នាងប៉ុន្មានម៉ោង គឺនាង និងលោក បានផ្ទុះសម្ដីដាក់គ្នាធ្ងន់ៗ។
លោកប្រកាសថា មិនខ្វះលុយត្រឹម៥០ភាគរយបើកឲ្យនាងនោះទេ បើនាងពិតជាបានបំពេញការងារច្បាស់លាស់ជាមួយនឹងផលិតកម្ម FCI របស់លោក ក្នុងនោះលោកប្រកាសដាក់ពាក្យបណ្ដឹងបន្ថែមពីលើការបកអាក្រាតទៀតផង ប្រសិនបើនាងស្រាប់តែឈប់ថតរឿងឲ្យលោកក្រោយផ្ទុះរឿងចម្រូងចម្រាស់នេះ។
លោក គាំ ចន្ធី និយាយថា ឌុច លីដា បានចុះកុងត្រាថតរឿងភាគឲ្យលោក ក្រោមចំណងជើងថា «ទូកបាត់ច្រវ៉ា» ដោយក្នុងពេលកុងត្រា នាងបានសន្យាឲ្យថ្ងៃថតលើសពីមួយថ្ងៃក្នុងមួយសប្ដាហ៍ ប៉ុន្តែភាគតិច ដែលនាងគោរពពាក្យសន្យា នៅពេលថ្ងៃខ្លះ នាងមកយឺតយ៉ាវដល់ទៅមួយព្រឹកៗធ្វើឲ្យលោកខាតបង់។
លោកថា ឌុច លីដា បានសន្យាជាមួយលោកក្នុងអំឡុងខែ៦ នាងឲ្យមួយសប្ដាហ៍មួយថ្ងៃ ខែ៧ឲ្យ២ថ្ងៃ និងអំឡុងខែ៨ នាងឲ្យមួយសប្ដាហ៍៣ថ្ងៃ ប៉ុន្តែតិចណាស់ ដែលនាងឲ្យមួយសប្ដាហ៍៣ថ្ងៃ តាមការព្រមព្រៀង។
ការដែលឲ្យនាងសម្ដែងជាតួក្នុងរឿង «ទូកបាត់ច្រវ៉ា» លោកមានសម្ពាធយ៉ាងខ្លាំង ដោយសារតែនាងជាអ្នកធ្វើឲ្យយឺតយ៉ាវ ចំពោះការផលិតរបស់លោក ខណៈដែលរឿង «ទូកបាត់ច្រវ៉ា» ត្រូវដាក់ផ្សាយលើកញ្ចក់ទូរទស្សន៍ PNN តាំងពីថ្ងៃទី១៦ ខែ៩ ប៉ុន្តែរហូតមកដល់ពេលនេះនៅថតមិនទាន់ចប់ ដោយសារតែ ឌុច លីដា ឲ្យថ្ងៃតិចពេក ហើយក្នុងពេលមកថតម្ដងៗក៏សុំសម្រាក ព្រោះតែជាប់ស្រវឹងពីយប់ និងជួនកាល គឺណាត់ម៉ោង៦ព្រឹក មកថតម៉ោង៨ និងម៉ោង១០ជាដើម។
លោកថា PNN ត្រូវបង្ខំចិត្តដាក់រឿងចាស់ជំនួស ដោយសារតែបញ្ហាការផលិតរបស់លោកមិនទាន់ពេលនេះឯង ប៉ុន្តែលោកមិនដែលបន្ទោសតារាសម្ដែងណាម្នាក់ទេ គឺនៅតែបន្តការអត់ធ្មត់អូសបន្លាយតាមការកំណត់របស់ ឌុច លីដា មករហូត។
លោក គាំ ចន្ធ បានពន្យល់ពីហេតុផលនៃជម្លោះ រហូតធ្វើឲ្យ ឌុច លីដា បង្ហោះសារជាធារណៈនោះថា កាលពីថ្ងៃទី១០ តុលា នាងបានទាក់ទងមកសុំបើកលុយពីលោកចំនួន៥០ភាគរយ ហើយលោកក៏បានណាត់ឲ្យនាងមកយកពីលោកនៅទូរទស្សន៍អប្សរានៅវេលាម៉ោង១០ព្រឹក។
ប៉ុន្តែរហូតដល់ម៉ោង៥ល្ងាចទើបមានមនុស្សម្នាក់ផ្សេងទៀត ដែលអះអាងថា ជាបងប្រុសរបស់នាងទាក់ទងមកសុំបើកលុយ ដោយចំពេលលោកជាប់ណាត់ ហើយចេញទៅក្រៅ ទើបលោកស្នើឲ្យចាំបើកថ្ងៃស្អែក(ថ្ងៃទី១១ តុលា)ម៉ោង១០ព្រឹកជំនួសវិញ ដោយអ្នកនិយាយជាមួយលោកនោះក៏បានទាំងឆ្លើយអូខេទៀតផង។
ទាំងនេះ គ្រាន់តែជាការបកស្រាយរបស់ផលិតករ លោក គាំ ចន្ធី ប៉ុណ្ណោះ ដោយឡែក តារាសម្ដែង ឌុច លីដា យើងរង់ចាំមើលគាត់បកស្រាយយ៉ាងណា៕






