
ត្បូងឃ្មុំៈ មនុស្ស២នាក់ បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ក្រោយពីជួបករណីគ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើងកាលវេលាម៉ោង៨និង៣០នាទីយប់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៧ នៅចំណុចមុខអាហារដ្ឋាន អាំង ឡាក់ លើផ្លូវជាតិលេខ៧ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ២០៨-២០៩ ស្ថិតក្នុងភូមិត្បូងវត្ត ឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។
អ្នកឃើញហេតុការណ៍ បានដឹងថា ដំបូងគេឃើញរថយន្តម៉ាកឡង់គ្រីសស័រ (LANDCRUISER) ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2P.6585 បើកបរពីលិចទៅកើត លុះបើកបរដល់ចំណុចកើតហេតុខាងលើ បានវ៉ាជែងរថយន្តមួយគ្រឿងមិនស្គាល់ម៉ាក ហើយបានទៅបុកម៉ូតូម៉ាកធូដេ ( TODAY ) ពណ៌ខៀវ គ្មានស្លាកលេខ ដោយបើកបរពីពីទិសខាងកើតទៅទិសខាងលិចចំពីមុខពេញទំហឹង រួចព្យាយាមរត់គេចខ្លួន ដោយជាប់អ្នកបើកបរនិងម៉ូតូនៅក្រោមរថយន្តនោះ រហូតដល់ចម្ងាយប្រហែល ៣០០ ម៉ែត្រ ដល់ចំណុចមុខហាងលក់ទូរស័ព្ទទំនើប ពិសិដ្ឋ លើផ្លូវជាតិលេខ៧ ស្ថិតក្នុងភូមិម៉ាស៊ីនទឹក ឃុំស្រុកមេមត់ ខេត្តត្បូងឃ្មុំ ទើបរថយន្តក្រឡាប់ពីរទៅបីជុំផ្ងារជើងឡើងលើ ។
កម្លាំងជំនាញ បានឲ្យដឹងថា អ្នកបើកបររថយន្តម៉ាកឡង់គ្រីស័រឈ្មោះ ជា ខេង ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិក្ដុលផ្សារ ឃុំទន្លូង ស្រុកមេមត់ខេត្តត្បូងឃ្មុំ ស្លាប់នៅនឹងកន្លែងកើតហេតុ (មិនពាក់ខ្សែក្រវ៉ាត់សុវត្តិភាព)។ ចំណែកបើកបរម៉ូតូម៉ាកធូដេ (TODAY) ពណ៌ខៀវ គ្មានស្លាកលេខ ឈ្មោះ សាត ម៉េងទ្រី ភេទប្រុស អាយុ៣៥ឆ្នាំជាតិខ្មែរ រស់នៅភូមិមេមត់ផ្សារចាស់ ឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ស្លាប់នៅនឹងកន្លែងកើតហេតុ (មិនពាក់មួយសុវត្តិភាព)។
បច្ចុប្បន្នសាកសពត្រូវបានកម្លាំងជំនាញប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។ ចំណែករថយន្តនិងម៉ូតូ កម្លាំងជំនាញនគរបាលចរាចរណ៍បានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកមេមត់ រង់ចាំដោះស្រាយតាមនីតិវិធី៕





