
ភ្នំពេញៈ មនុស្ស៥នាក់ ត្រូវកងកម្លាំងប្រដាប់អាវុធចាប់ខ្លួន ខណ:ជាប់សង្ស័យថា ត្រៀមចែកខិត្តប័ណ្ណ គ្រោងធ្វើបាតុកម្ម ក្នុងព្រះរាជពិធីបុណ្យអុំទូក។
នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គស្នងការរងនគរបាលជាតិ បានឲ្យដឹងថា កម្លាំងជំនាញរបស់ផែនសន្តិសុខ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះសហការជាមួយកម្លាំងជំនាញរបស់នាយកដ្ឋានប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន និងកម្លាំងផ្នែកសន្តិសុខ នៃអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ បានឃាត់ខ្លួនជនសង្ស័យ៥នាក់ នៅចំណុចផ្ទះលេខE18 ក្នុងភូមិបឹងសាឡាងថ្មី សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ នាថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៧។
លោកបានបន្តនៅក្នុងសំណេររបស់គេហរទំព័នគរបាលជាតិថា ជនសង្ស័យ៥នាក់ ត្រូវកម្លាំងជំនាញឃាត់ខ្លួន រួមមាន៖ ទី១.ឈ្មោះ ជីម សាវឿន ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មានស្រុកកំណើត ភូមិព្រៃក្រាំង ឃុំមានរិទ្ធ ស្រុកដងទង់ ខេត្តកំពត មុខងារជាសមាជិករណសិរ្សរំដោះជាតិខ្មែរ កាន់អត្តសញ្ញាណប័ណ្ណលេខ 110634291 មានទីលំនៅបច្ចុប្បន្ន ភូមិក្បាលស្ពាន១ សង្កាត់-ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
លោកបានបន្ថែមថា ជនសង្ស័យខាងលើនេះ បានទទួលបញ្ជាពីឈ្មោះ យ៉ាត យ៉យ ដែលជាជំនួយការរបស់ឈ្មោះ សម សេរី ជាប្រធានរណសិរ្សរំដោះជាតិខ្មែរ ដោយបានបញ្ជូនខិត្តប័ណ្ណដែលមានចំណងជើងថា ” សេចក្ដីអំពាវនាវត្រៀមធ្វើបាតុកម្ម ” តាមរយៈសារអេឡិកត្រូនិច ឲ្យទៅឈ្មោះ ជីម សាវឿន យកមកបោះពុម្ភ ទុកសម្រាប់យកទៅចែកចាយបន្ត ក្នុងព្រះរាជពិធីបុណ្យអុំទូក។
ជនសង្ស័យទី២. ឈ្មោះ ដួង នន្តា អាន់ណាន់ដា ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មានស្រុកកំណើត ភូមិក្រាំង ឃុំពព្រាលើ ស្រុកជីក្រែង ខេត្តសៀមរាប មុខរបរជាបុគ្គលិកក្រុមហ៊ុនថៃ កាន់លិខិតឆ្លងដែនលេខ N00128430 ស្នាក់នៅបណ្ដោះអាសន្ន ផ្ទះលេខ E18 នៅភូមិបឹងសាឡាងថ្មី សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។
ជនសង្ស័យរូបនេះមានទំនាក់ទំនងជាមួយឈ្មោះ យ៉ាត យ៉យ ហើយបានបួសរៀននៅវត្តជាមួយគ្នា ក្នុងប្រទេសថៃ ហើយឈ្មោះ យ៉ាត យ៉យ នេះ បានប្រគល់សៀវភៅ១ក្បាល របស់រណសិរ្សរំដោះជាតិខ្មែរ មានចំណងជើងថា ” អាថ៍កំបាំងរបស់ខ្មែរ ឬសគល់៧មករា” ទុកឲ្យមើល។
ចំពោះជនសង្ស័យទី៣.ឈ្មោះ ប្រាក់ សាន្ត ភេទប្រុស អាយុ៥០ឆ្នាំ ជនជាតិខ្មែរ មានស្រុកកំណើត ភូមិលួង ឃុំឫស្សីក្រោក ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ ( ជាម្ចាស់ផ្ទះ) ជាមន្ត្រីយោធាការិយាល័យទី២ នៃទ័ពជើងគោក កាន់អត្តសញ្ញាណប័ណ្ណលេខ 180709225 និងមានទីលំនៅបច្ចុប្បន្ន នៅភូមិមណ្ឌល៣ សង្កាត់ស្លរក្រាម ក្រុងសៀមរាម ខេត្តសៀមរាប។
ចំណែកជនសង្ស័យទី៤.ឈ្មោះ ឃួន តាំ ភេទប្រុស អាយុ៦៨ឆ្នាំ ជនជាតិខ្មែរ មានស្រុកកំណើត ភូមិអញ្ចាញ ឃុំឫស្សីក្រោក ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ គ្មានមុខរបរ និងមានទីលំនៅបច្ចុប្បន្ន នៅភូមិអញ្ចាញ ឃុំឫស្សីក្រោក ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ។
រីឯជនសង្ស័យទី៥.ឈ្មោះ ចិន សារិទ្ឋ ភេទប្រុស អាយុ៥៣ឆ្នាំ ជនជាតិខ្មែរ មានស្រុកកំណើតនៅភូមិត្រពាំងខ្នា ឃុំរាជមន្ទីរ ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ជាអ្នកបើកបររថយន្តឲ្យជនសង្ស័យឈ្មោះ ឃួន តាំ កាន់អត្តសញ្ញាណប័ណ្ណលេខ 090801663 និងមានទីលំនៅបច្ចុប្បន្ន ផ្ទះលេខD63 ក្នុងភូមិបឹងសាឡាងថ្មី សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ។
ជាមួយការឃាត់ខ្លួនជនសង្ស័យទាំង៥នាក់ខាងលើ សមត្ថកិច្ចបានដកហូតនូវខិត្តប័ណ្ណរបស់រដ្ឋាភិបាលជាតិខ្មែរនិរទេស ចំនួន២៣សន្លឹក និងសៀវភៅ មានចំណងជើងថា "ឬសគល់ ៧មករា" ចំនួន១ក្បាលផង។
បច្ចុប្បន្ន ជនសង្ស័យទាំង៥នាក់ខាងលើ សមត្ថកិច្ចកំពុងសាកសួរ និងកសាងសំណុំរឿង ដើម្បីអនុវត្តន៍នីតិវិធីបន្ត៕









