
ខណៈដែលរឿង សាន ស្រីឡៃ រាងស្ងប់បន្តិចមក ថ្មីៗនេះស្រាប់តែ ពេជ្រ សោភា ចេញសារលើសង្គមហ្វេសប៊ុករបស់ខ្លួនផ្ញើជូនឧកញ៉ា ហុងពីវ ដោយបានស្នើនូវរឿងដ៏សំខាន់សម្រាប់គ្រួសារ សាន ស្រីឡៃ បន្ទាប់ពីតារាចម្រៀងស្រីរូបនេះទទួលមរណភាព..។

បន្ទាប់ពីបញ្ចប់កម្មវិធី The Voice Cambodia Season 2 ទំនាក់ទំនងCoach ពេជ្រ សោភា និងកូនក្រុម សាន ស្រីឡៃ បានបង្ហាញភាពស្និទ្ធស្នាលដូចបងប្អូន ហើយនៅពេលអ្នកនាង សាន ស្រីឡៃ ទទួលមរណភាព ពេជ្រ សោភា មិនត្រឹមតែសម្រក់ទឹកភ្នែកស្តាយស្រណោះប៉ុណ្ណោះទេ តារាស្រីរូបនេះក៏បានចំណាយលុយផ្ទាល់ខ្លួនធ្វើបុណ្យ៧ថ្ងៃជូន សាន ស្រីឡៃ និងថែមទាំងអំពាវនាវសុំឲ្យសប្បុរសជនជួយគ្រួសារ និងកូន សាន ស្រីឡៃ ផងដែរ។

ស្រាប់តែនៅពេលនេះ ពេជ្រ សោភា ក៏បានចេញមុខស្នើដល់លោកឧកញ៉ា ហុង ពីវ សុំឲ្យលោកជួយទិញយកឡានម៉ាក Lexus RX300 ដែលជាឡានអ្នកនាង សាន ស្រីឡៃ បានទិញបង់រំលស់ពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុពិភពថ្មី កាលនាងនៅរស់ តែមិនទាន់បានបង់ផុតនៅឡើយ ព្រោះការទិញបង់រំលស់នោះ សាន ស្រីឡៃ ជាជំហរនៃការបង់រំលស់តែម្នាក់ឯង ម្ល៉ោះហើយនៅពេលនាងបាត់បង់ជីវិត គ្រួសារនាងមិនមានលទ្ធភាពបង់ទេ។

នេះគឺជាសារដែល ពេជ្រ សោភា ស្នើសុំទៅដល់ឧកញ៉ា ហុង ពីវ “ឡានដែលស្រីឡៃជិះ គឺនាងបង់រំលស់ទេ ពេលនេះម្ដាយគាត់គ្មានលទ្ធភាពបង់បន្តទេ សូមជួយshare ឲ្យគាត់បានមើលឃើញផង សង្ឃឹមថាគាត់នឹងជួយដល់គ្រួសារ សាន ស្រីឡៃ ដោយក្ដីគោរព សង្ឃឹមថា លោក ឧកញ៉ា ហុង ពីវ នឹងបានដឹងឮរឿងនេះហើយនឹងបានជួយដល់ក្រុមគ្រួសាររបស់ សាន ស្រីឡៃផងដែរ”។


