
ភ្នំពេញៈ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ នាយឧត្តមសេនីយ៍ ជួន សុវណ្ណ បានបដិសេធជុំវិញករណីប្លន់នៅខណ្ឌទួលគោក លោកថា ជារឿងច្នៃប្រឌិត។
លោកស្នងការ បានបញ្ជាក់ប្រាប់ CAM POST នៅព្រឹកថ្ងៃទី២៤ តុលានេះថា “ ករណីប្លន់នៅក្នុងផ្ទះនេះមិនត្រឹមត្រូវទេ គឺយើងមានភស្តុតាងបញ្ជាក់ថា ស្ត្រីជាប្រពន្ធជាអ្នកយកប្រាក់នោះហើយបង្កើតជាហេតុការណ៍ប្លន់នេះ ដើម្បីបិទបាំងអំពើរបស់ខ្លួន ហើយបច្ចុប្បន្នបានគេចខ្លួនដែលសមត្ថកិច្ចយើងកំពុងតាមរក”។
យោងតាមរបាយការណ៍ប៉ូលិសខណ្ឌទួលគោក បានឲ្យដឹងថា ករណីដែលថា ចោរប្លន់លុយ កើតហេតុ នៅក្នុងមូលដ្ឋានសង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ គឺបំភ្លើស សភាពការណ៍ ។
បើតាមរបាយការណ៍ប៉ូលិស នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៧ វេលាម៉ោងប្រហែល៩យប់ មានករណីបំភ្លើសសភាពការណ៍ថា ចោរប្លន់លុយ នៅចំណុចផ្ទះលេខ៦៨ EO ផ្លូវ លេខ១១០ ក្រុមទី៧ ភូមិ៣ សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
ជនអ្នកបំភ្លើសសភាពការណ៍ឈ្មោះ ស៊ុន រដ្ឋា ភេទស្រី អាយុ៥៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ នៅផ្ទះ ស្នាក់នៅផ្ទះលេខ៦៨ Eo ផ្លូវលេខ១១០ ក្រុមទី៧ ភូមិ៣ សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ ប្ដីឈ្មោះ ង៉ែត ញ៉ អាយុ៦១ឆ្នាំ ជនជាតិខ្មែរ មុខរបរ សន្តិសុខ យាមក្រុមហ៊ុនហនុមាន ស្នាក់នៅផ្ទះលេខ៦៨E0 ផ្លូវលេខ១១០ ក្រុមទី៧ ភូមិ៣ សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ (ជាម្ចាស់លុយ )។
សូមរំលឹកថា នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៧ វេលាម៉ោងប្រហែល ៩យប់ ឈ្មោះ ស៊ុន រដ្ឋា ភេទស្រី អាយុ៥៦ឆ្នាំ ជនជាតិខ្មែរ ឆ្លៀតពេលប្ដីឈ្មោះ ង៉ែត ញ៉ ភេទប្រុស អាយុ៦១ឆ្នាំ ជនជាតិខ្មែរ មិននៅផ្ទះបានបំភ្លើសសភាពការណ៍ថា ចោរប្លន់យកលុយនៅក្នុងផ្ទះអស់ចំនួន១០០០ដុល្លារ ( មួយពាន់ដុល្លារសហរដ្ឋអាមេរិក ) និងលុយខ្មែរ៨០០០០០រៀល ( ប៉ែតសិបម៉ឺនរៀល) ដោយចោទថា មានជនល្មើស២នាក់មកចូលយកកូនកាំបិតភ្ជង់ប្លន់យកលុយខាងលើហើយគេចខ្លួនបាត់ ហើយឈ្មោះ ស៊ុន រដ្ឋា បានមកប្ដឹងនគរបាលប៉ុស្តិ៍រដ្ឋបាលផ្សារដេប៉ូទី៣ ។
តាមការអះអាងរបស់ឈ្មោះ ជន បញ្ញារស្មី ភេទប្រុស អាយុ៨ឆ្នាំ (ត្រូវជាចៅ) បានឲ្យដឹងថានៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៧ វេលាម៉ោងប្រហែល២និង២០នាទីរសៀល ខ្លួនបានឃើញយាយខ្លួនឈ្មោះ ស៊ុន រដ្ឋា ឆ្លៀតពេលជីតាខ្លួនឈ្មោះ ង៉ែត ញ៉ កំពុងតែដេកលក់នៅផ្ទះហើយបានទុកកូនសោកេសដាក់លុយនៅជាប់កង់ ភ្លាមនោះជីដូនខ្លួនឈ្មោះ ស៊ុន រដ្ឋា បានយកកូនសោកេសយកទៅចម្លងទុកសម្រាប់យកលុយជីតារបស់ខ្លួន លុះមកដល់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៧ វេលាម៉ោងប្រហែល៩យប់ឆ្លៀតពេលជីតាខ្លួនទៅយាម យាយរបស់ខ្លួនក៏បានយកកូនសោកេស ដែលចម្លងរួចហើយយកលុយចំនួន២ដុំដាក់នៅក្នុងថង់ពណ៌ខ្មៅ រួចយាយរបស់ខ្លួន ក៏យកលុយទៅលាក់ទុកបាត់ រួចយាយក៏មករើកកាយខោអាវនៅក្នុងផ្ទះធ្វើដូច មានចោរចូលប្លន់ ហើយនាំរូបខ្លួនមកទីស្នាក់ការប៉ុស្តិ៍រដ្ឋបាលផ្សារដេប៉ូទី៣ថា មានចោរចូលប្លន់យកលុយ ទើបសមត្ថកិច្ចចុះទៅកន្លែងកើតហេតុតែម្ដង។
ចៅប្រុសនោះ បន្តទៀថា នៅក្នុងផ្ទះរបស់ខ្លួន គឺជីតាខ្លួនជាអ្នកទុកដាក់លុយកាក់ និងកាន់កូនសោកេសដាក់លុយ៕


