
ភ្នំពេញៈ មេធាវីតំណាងឲ្យសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាលោក គី តិចនៅរសៀលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៧ បានយកពាក្យបណ្តឹងប្ដឹងលោក លី ឡាយស្រេង អតីតមន្ត្រីជាន់ខ្ពស់គណបក្សហ៊្វុនស៊ិនប៉ិច ទៅដាក់ចូលសាលាដំបូងរាជធានីភ្នំពេញរួចហើយ។
លោកមេធាវី គី តិច បានឲ្យដឹងថា កម្មវត្ថុ គឺប្ដឹងលោក លី ឡាយស្រេង ពីបទបរិហាកេរ្តិ៍ជាសាធារណៈ ទាក់ទងអ្វីដែលលោក លី ឡាយស្រេង និយាយថា សម្តេចតេជោឲ្យលុយមន្ត្រីគណបក្សហ៊្វុនស៊ិនប៉ិចម្នាក់២ម៉ឺនដុល្លារ។
លោក គី តិច បានបញ្ជាក់ថា ការលើកឡើងរបស់លោក លី ឡាយស្រេង បានធ្វើឲ្យប៉ះពាល់ដល់កិត្តិយសសម្តេចនាយករដ្ឋមន្រ្តីយ៉ាងធ្ងន់ធ្ងរ ដោយសារសម្តេចមិនបានធ្វើបែបនេះទេ។

សូមបញ្ជាក់ថា អតីតមន្ត្រីជាន់ខ្ពស់គណបក្សហ៊្វុនស៊ិនប៉ិច លោក លី ឡាយស្រេង ពេលនេះកំពុងរងបណ្តឹងយ៉ាងច្រើន ក្រោយពីបែកធ្លាយសារសំឡេងសន្ទនា ជាមួយលោកស្រី គី លំអង កាលពីថ្មីនេះ ដែលបណ្តឹងទាំងនោះរួមមាន បណ្តឹងពីគណបក្សហ៊្វុនស៊ិនប៉ិច បណ្តឹងពីសម្តេចតេជោ ហ៊ុន សែន និងបណ្តឹងពីក្រសួងយុត្តិធម៌ តំណាងឲ្យព្រះមហាក្សត្រ (ក៏នឹងត្រៀមប្តឹងផងដែរ)។
ទោះជាយ៉ោងណា មានប្រភពមួយចំនួនអះអាងថា លោក លី ឡាយស្រេង បានចាកចេញពីកម្ពុជា ទៅកាន់ទីក្រុងបាងកក កាលពីព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៧ តាមជើងហោះហើរ Bangkok Air PG 938 ដើម្បីគេចចេញពីបណ្តឹងទាំងនេះ។
នៅរសៀលថ្ងៃដដែលនេះ ក្រោយពីដាក់ពាក្យប្ដឹងលោក លី ឡាយស្រេង រួចហើយលោកមេធាវីគីតិច បានបន្តដំណើរទៅតុលាការកំពូល ដើម្បីដាក់ភស្តុតាងបន្ថែមនៅលើបណ្ដឹងរំលាយគណបក្សសង្គ្រោះជាតិ ៕

