
យោងតាមការ បញ្ជាក់របស់ លោកមេធាវី សំ សុគង់ ថ្លែងប្រាប់បណ្តាញសារព័ត៌មាន Fresh News មុននេះបន្តិចថា លោក ឃឹម ប៉ុណ្ណ ប្រធានក្រុមប្រឹក្សាជំនុំជម្រះតុលាការកំពូលបន្តរក្សាការសម្រេចរបស់សាលាដំបូង ដោយបន្តឃុំខ្លួនលោក កឹម សុខា ក្នុងពន្ធនាគារ ពីបទក្បត់ជាតិដដែល នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៧នេះ ក្រោយការសួរដេញដោល ក្រោមការយាមយ៉ាងតឹងរ៉ឹងពីកម្លាំងសមត្ថកិច្ច។

សូមជម្រាបជូនថា ៖ លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានកាលពីម្សិលមិញថា នៅក្នុងឱកាសសវនាការនេះ នឹងមិនអនុញ្ញាតឲ្យមានការប្រមូលផ្ដុំនៅមុខតុលាការទេ បើទោះបីជាស្ថិតក្នុងទ្រង់ទ្រាយណាមួយក៏ដោយ ហើយលោកបានអំពាវនាវឲ្យសមត្ថកិច្ចទាំងអស់ ត្រូវប្រយ័ត្នប្រយែងចំពោះបុគ្គលណាក៏ដោយ ក្នុងការដែលមានបំណងចង់មករំខានការអុកឡុកពេលបើកសវនាការរឿងក្តីលោក កឹម សុខា ត្រូវហាមដាច់ខាតមិនឲ្យមានការប្រមូលផ្ដុំនៅមុខតុលាការ ទោះបីជាស្ថិតក្នុងទ្រង់ទ្រាយណាមួយក៏ដោយ ហើយបើនៅតែប្រឈមនោះ យើងនឹងត្រូវអនុវត្តច្បាប់ភា្លមៗតែម្ដង៕



