
ភ្នំពេញៈ មនុស្ស២នាក់ត្រូវឃាត់ខ្លួន ករណីឆបោកយកលុយក្នុងការជ្រើសរើសពលទាហានបំពេញក្របខណ្ឌឱ្យយោធភូមិភាគទី១ កងទ័ពជើងគោក។
ការឃាត់ខ្លួននេះ ធ្វើឡើងកាលពីល្ងាច ថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៧ បន្ទាប់ពីទទួលបានពាក្យបណ្តឹងពីសំណាក់បេក្ខជនដាក់ពាក្យក្របខណ្ឌយោធភូមិភាគទី១ កងទ័ពជើងគោក ដោយបានកណត់យកប្រាក់ក្នុងម្នាក់៥៥០ដុល្លារ។
ជនសង្ស័យដែលឃាត់ខ្លួននេះ ទី១.ឈ្មោះ ហេង រិទ្ធី និងទី២.ឈ្មោះ ម៉ាន ម៉ាត់។ បន្ទាប់ពីឃាត់ខ្លួន ជនជាប់ចោទទាំង២នាក់ខាងលើ ត្រូវបានកសាងសំណុំរឿង បញ្ជូនទៅស្ថាប័នអយ្យការយោធា ចាត់ការតាមផ្លូវច្បាប់។
សូមបញ្ជាក់ថា គណៈកម្មការជ្រើសរើសពលទាហានបំពេញក្របខណ្ឌឲ្យយោធភូមិភាគទី១ បានចេញសេចក្តីជូនដំណឹងស្តីពីទប់ស្កាត់ និងចាត់វិធានការចំពោះបុគ្គលមួយចំនួន ដែលឆ្លៀតឱកាសកេងចំណេញនៅក្នុងដំណើរការជ្រើសរើសកងទ័ព បំពេញក្របខណ្ឌឲ្យយោធភូមិភាគទី១ កងទ័ពជើងគោក។
គណៈកម្មការក៏បានបញ្ជាក់ថា រាល់ការស្ម័គ្រចិត្តដាក់ពាក្យសុំបម្រើការក្នុងកងយោធពលខេមរភូមិន្ទនេះ គឺមិនតម្រូវឱ្យបេក្ខជនបង់ប្រាក់ឡើយ ដោយគិតចាប់ពីការដាក់ពាក្យ រហូតសម្រេចចូលក្របខណ្ឌ រួមទាំងការពិនិត្យសុខភាព កាយសម្បទា និងលិខិតស្នាមផ្សេងៗ។ រាល់បុគ្គលណាដែលបានប្រព្រឹត្តខុសពីគោលការណ៍ខាងលើ នឹងទទួលខុសត្រូវចំពោះមុខច្បាប់៕


