
បន្ទាប់ពីគង់ចាំព្រះវស្សាអស់ត្រីមាស រយៈពេល៣ខែ នៅថ្ងៃ១៥កើត ខែអស្សុជ ព្រះភិក្ខុសង្ឃ គ្រប់អង្គនៅតាមទីវត្តអារាមនានា តែងប្រារព្ធពិធីសាសនាមួយដែលមានឈ្មោះថា បវារណា ឬហៅថាបុណ្យចេញវស្សា ដែលជាពិធីមួយស្របតាមពុទ្ធវិន័យរបស់ព្រះពុទ្ធបរមគ្រូ។
ជាមួយនឹងឱកាសបុណ្យចេញវស្សានេះ បានរំលេចនូវរូបភាព ប៉ុន្មានសន្លឹក ប្រណមក្នុងអារម្មណ៍ស្ងប់ស្ងៀម ជ្រកក្រោមពន្លឺភ្លើងទៀន ក្រហមព្រឿងៗ ឆ្លុះនឹងចីវរព្រះសង្ឃ ដែលកំពុងស្មឹងស្មាត នៅក្នុងព្រះវិហារសង់ពីឈើ ហ៊ុំព័ទ្ធដោយជញ្ជាំងបាំង ដោយស្លឹកដូងគៀបនឹងបន្ទះឫស្សី រហែករយ៉េរយ៉ៃ ប្រៀបបាននឹងឡ ថ្នាំ ឬខ្ទមអ្នកចាំចំការ ។
ញាតិញោម ពុទ្ធិបរិសិទ្ធ អាចចូលចាប់មគ្គផលបាន ឬផ្តើមធ្វើបុណ្យអង្គកឋិទានទៅវត្តនេះ ដើម្បីទទួលបានបច្ច័យយកទៅកសាងសមិទ្ធផលក្នុងវត្ត និងដោះស្រាយការលំបាករបស់ព្រះសង្ឃកំពុងជួបប្រទះ។
បើយោងតាមហ្វេសប៊ុកដែលត្រូវបានគេចែកចាយតៗគ្នា នោះ វត្តនេះ មានឈ្មោះថា វត្តបាលីដំរីក្រាប (ហៅវត្តជប់ទូលពពេល) ដែលស្ថិតក្នុង ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាម។
ប្រភពខាងលើបានបន្ថែមថា៖ វត្តអារាម ដ៏កំសត់ដែលមានព្រះសង្ឃគង់ចាំព្រះវស្សាចំនួន ៤២ព្រះអង្គ ហេីយមានរោង បោថ ឬហៅ ព្រះវិហារ និងកុដិតូចៗដែលមានព្រះសង្ឃគង់ចាំវស្សាអស់រយពេលបីខែមកហើយ ៕




