
នាវាផ្ទុកយន្តហោះអាមេរិក USS Ronald Reagan មួយគ្រឿង រួមជាមួយនាវាមុជទឹកដើរដោយនុយក្លេអ៊ែរ កំពុងតែធ្វើដំណើរទៅកាន់ឧបទ្វីបកូរ៉េ ដើម្បីរៀបចំបង្ហាញសក្ដានុពលជាមួយកូរ៉េខាងត្បូង ខណៈពេលដែលទីក្រុងព្យុងយ៉ាង រៀបចំផែនការសាកល្បងមីស៊ីលថ្មីៗបន្ថែមទៀត។ នេះបើយោងតាមគេហទំព័រសារព័ត៌មាន រុស្ស៊ី (RT) បានចុះផ្សាយនាយប់ថ្ងៃសុក្រ ទី០៦ ខែតុលា ឆ្នាំ២០១៧។
មន្ត្រីយោធាជាន់ខ្ពស់កូរ៉េខាងត្បូងម្នាក់ ដែលមិនបញ្ចេញឈ្មោះ បាននិយាយថា នាវាផ្ទុកយន្តហោះ អាមេរិ USS Ronald Reagan ដែលមានយន្តហោះជិត ៨០គ្រឿង និងនាវាមុជទឹកដើរដោយនុយក្លេអ៊ែរ ត្រៀមចូលរួមធ្វើសមយុទ្ធ នៅថ្ងៃទី២០ ខែតុលា នៅក្បែរឆ្នេរសមុទ្រកូរ៉េខាងត្បូង។


ទន្ទឹមនឹងនេះ សមាជិកសភារុស្ស៊ី ត្រៀមធ្វើទស្សនកិច្ចនៅកូរ៉េខាងជើង នៅសប្ដាហ៍នេះ បាននិយាយថា ទីក្រុងព្យុងយ៉ាង ប្រាប់ពួកគេថា ខ្លួនមានគម្រោងសាកល្បងមីស៊ីលរយៈចម្ងាយឆ្ងាយ នៅក្នុងពិធីមុនខាងមុខនេះ។
គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃពុធប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន បាននិយាយថា “គ្រប់ភាគីទាំងអស់ត្រូវតែបន្ធូរបន្ថយភាពតានតឹង និងស្វែងរកវិធីសម្រាប់កិច្ចសន្ទនាផ្ទាល់មុខគ្នារវាងសហរដ្ឋអាមេរិក និងកូរ៉េខាងជើង ព្រមទាំងបណ្ដាលប្រទេសនានាក្នុងតំបន់ផងដែរ” ។
