
កូរ៉េខាងត្បូង គ្រោងនឹងអភិវឌ្ឍមីស៊ីលផ្លោង ដែលមានឥទ្ធិពលខ្លាំងបំផុតជាងពីមុន សម្រាប់ឆ្លើយតបចំពោះការបង្កហេតុ និងការគំរាមកំហែងរបស់កូរ៉េខាងជើង។ នេះបើយោងតាមគេហទំព័រសារព័ត៌មាន Sputnik បានចេញផ្សាយនាព្រឹកថ្ងៃសុក្រ ទី២៧ ខែតុលា ឆ្នាំ២០១៧។

ក្រសួងការពារជាតិ បានប្រាប់ឲ្យដឹងថា ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ និងប្រធានាធិបតីកូរ៉េខាងត្បូងលោក Moon Jae-in បានព្រមព្រៀងគ្នាក្នុងគោលនយោបាយលើកកម្ពស់កម្មវិធីមីស៊ីលម៉ាក Hyunmoo IV ដើម្បីទុកប្រយុទ្ធប្រឆាំងជាមួយកូរ៉េខាងជើង។ របាយការណ៍យោធាមួយ ដែលត្រូវបានបញ្ជូនទៅសមាជិកសភាកូរ៉េខាងត្បូង កាលពីសប្ដាហ៍មុន បាននិយាយថា “យើងនឹងប្រើមីស៊ីល ០៣ប្រភេទ ដើម្បីបំផ្លាញកងកាំភ្លើងធំ និងមីស៊ីលផ្លោង របស់កូរ៉េខាងជើង ដែលស្ថិតនៅក្នុងតំបន់ប្រតិបត្តិការ”។

គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី០៤ ខែកញ្ញា សេតវិមាន បានប្រកាសថា លោក Moon និយាយទូរស័ព្ទជាមួយលោក Trump យល់ព្រមគោលការណ៍ និងគំនិតផ្ដួចផ្ដើមរបស់កូរ៉េខាងត្បូង ដើម្បីលើកកម្ពស់សមត្ថភាពមីស៊ីល ថ្មីៗថែមទៀត៕
