
កណ្តាលៈ ក្មេងស្រីអាយុ២ឆ្នាំម្នាក់ បានលង់ទឹកដោយគ្មានអ្នកដឹង បណ្ដាលឲ្យស្លាប់ ទើបបង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៣៖៣០នាទី រសៀលថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៧ នៅចំណុចទន្លេមេគង្គ ស្ថិតក្នុងភូមិគគីរធំ ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។
បើតាមសមត្ថកិច្ច ក្មេងស្រីរងគ្រោះ ត្រូវគេបានស្គាលឈ្មោះ បាវ ស្រីណា អាយុ២ឆ្នាំ មានឪពុកឈ្មោះ ផល បាវ អាយុ២៧ឆ្នាំ និងម្ដាយឈ្មោះ ហាំ អាយុ២៩ឆ្នាំ។ អ្នកទាំង៣ រស់មានទីលំនៅភូមិឃុំកើតហេតុខាងលើ។
ប្រភពបានប្រាប់ថា មុនពេលកើតហេតុ ក្មេងស្រីរងគ្រោះដើរលេងជាមួយក្មេងៗឯទៀត នៅក្នុងភូមិ នៅក្បែរច្រាំងទន្លេ ហើយប្រហែលរអិលជើងធ្លាក់ចូលក្នុងទឹក បណ្តាលឲ្យលង់ស្លាប់តែម្តង។
ក្រោយពីកើតហេតុ កម្លាំងនគរបាលប៉ុស្តិ៍គគីរធំ ចុះពិនិត្យសាកសព ហើយប្រាប់ថា ក្មេងស្រីរងគ្រោះពិតជាស្លាប់ ដោយសារលង់ទឹកពិតប្រាកដមែន ពុំមានជាប់ពាក់ព័ន្ធករណីផ្សេងទេ ទើបសម្រេចប្រគល់សាកសពឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕


