
រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ បានព្រមានអាមេរិកប្រឆាំងនឹងការបំបែកកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ជាមួយអ៊ីរ៉ង់ ព្រោះថា វានឹងធ្វើឲ្យកូរ៉េខាងជើង មិនយល់ព្រមនឹងកិច្ចព្រមព្រៀងអន្តរជាតិ ទាក់ទងនឹងកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន។ នេះបើយោងតាមគេហទំព័រសារព័ត៌មាន រុស្ស៊ី (RT) បានចុះផ្សាយនាយប់ថ្ងៃច័ន្ទ ទី០៩ ខែតុលា ឆ្នាំ២០១៧។

រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់លោក Sigmar Gabriel បាននិយាយថា “ការព្រួយបារម្ភដ៏ធំរបស់យើង គឺទាក់ទងទៅនឹងប្រទេសកូរ៉េខាងជើង ដែលមិនអាចជឿជាក់ថា កិច្ចព្រមព្រៀងអន្តរជាតិមួយ ដើម្បីបោះបង់ការកសាងអាវុធនុយក្លេអ៊ែរ ត្រូវបានអនុញ្ញាតឲ្យមានការលះបង់បែបនេះ គឺនៅពេលជាមួយគ្នា”។

ទោះបីជាយ៉ាងណាក៏ដោយ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ហាក់ដូចជាមិនចង់ចរចាជាមួយកូរ៉េខាងជើងទេ ដោយលោក បានអះអាងកាលពីថ្ងៃចន្ទថា សហរដ្ឋអាមេរិក បានផ្ដល់ប្រាក់រាប់ពាន់លានដុល្លារ ទៅឲ្យទីក្រុងព្យុងយ៉ាង តែលទ្ធផលចុងក្រោយ គឺមិនបានទទួលអ្វីមកវិញទាល់តែសោះ។

គួរបញ្ជាក់ផងដែរថា កិច្ចព្រមព្រៀងនុយក្លេអ៊ែរជាមួយអ៊ីរ៉ង់ ដែលត្រូវបានគេទទួលស្គាល់ជាទូទៅថា ជាផែនការរួមនៃសកម្មភាព (JCPOA) ត្រូវបានចុះហត្ថលេខា ក្នុងឆ្នាំ២០១៥ ដោយក្រុម P5+1 (ចិន បារាំង អាល្លឺម៉ង់ រុស្ស៊ី ចក្រភពអង់គ្លេស និងអាមេរិក) និងសហភាពអឺរ៉ុប។