
រតនគិរីៈ យុវតីដ៏ស្រស់ស្អាតម្នាក់ ជនជាតិភាគតិចទំពួន ជាសិស្សថ្នាក់ទី១១ នៅសាលាវិទ្យាល័យសម្តេចឪ សម្តេចម៉ែ ទីរួមក្រុងបានលុង ត្រូវបានជនមិនស្គាល់មុខចាប់រំលោភរួចហើយមួលកសម្លាប់យ៉ាងព្រៃផ្សៃបំផុត នៅក្នុងចម្ការដំឡូងមីមួយកន្លែង។
ហេតុការណ៍នេះ មានការភ្ញាក់ផ្អើលបានកើតឡើងកាលពីវេលាម៉ោង៨៖៣០នាទីព្រឹក នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៧នេះ ត្រង់ចំណុចជនរងគ្រោះស្លាប់ ក្នុងចម្ការដំឡូងមីក្បែរផ្លូវក្រាគ្រួសក្រហមប្រហែល១០ម៉ែត្រ ស្ថិតនៅក្នុងភូមិចាងរ៉ា ឃុំបាតាង ស្រុកលំផាត់ ខេត្តរតនគិរី។
ក្រោយពីមានការភ្ញាក់ផ្អើល ត្រូវសមត្ថកិច្ចរួមមាននគរបាលការិយាលវិទ្យាសាស្ត្រ និងបច្ចេកទេស នៃស្នងការដ្ឋាននគរបាលខេត្ត រួមទាំងមន្ត្រីប៉េអឹម ស្រុក ខេត្ត និងមន្ត្រីមន្ទីរពេទ្យបង្អែកខេត្ត ចុះធ្វើកោសល្យវិច្ច័យ ក្រោយពីធ្វើកោសលវិច្ច័យរួចមកសមត្ថកិច្ចបានឲ្យអ្នកសារព័ត៌មានដឹងថា ជនរងគ្រោះមានឈ្មោះ កេល លាភ ភេទស្រី អាយុ១៨ឆ្នាំ ជនជាតិទំពួន រៀនថ្នាក់ទី១១ នៅសាលាវិទ្យាល័យសម្តេចឪ សម្តេចម៉ែ ទីរួមក្រុងបានលុង រស់នៅភូមិ ឃុំកើតហេតុខាងលើ។

សមត្ថកិច្ចដដែលបានបន្តទៀតថា នៅលើដងខ្លួនសាកសពមើលឃើញមានស្នាមរបួសមួលបំបាក់ក និងស្នាមរយះក្បាល និងបែកជង្គុងទាំងសងខាង និងប្រដាប់ភេទរបួសយ៉ាងដំណំ ហើយតាមការប៉ាន់ស្មានរបស់សមត្ថកិច្ចជនរងគ្រោះមុនពេលសម្លាប់ គឺជនល្មើសបានច្របាច់ក រួចមួលកបន្ថែម ហើយជនសង្ស័យមិនមែនម្នាក់ឯងនោះទេ ចាប់ពីរពីរនាក់ឡើងទៅ។ បច្ចុប្បន្នសាកសពបានប្រគល់ទៅឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី។ ដោយឡែក សមត្ថកិច្ចកំពុងស្វែងរកមុខឃាតករឲ្យខានតែបាន។
ជុំវិញព័ត៌មានខាងលើ ត្រូវបានឪពុកម្តាយជនរងគ្រោះ ដែលមានឈ្មោះ ខាំ ឡាកេល អាយុ៥២ឆ្នាំ ជាឪពុក និងម្តាយមានឈ្មោះ តក់ ដូច អាយុ៥០ឆ្នាំ បានរៀបរាប់ថា កូនគាត់ស្លាប់ជាកូនទី៦ «កូនពៅ» នៅថ្ងៃអាទិត្យទី២២ ខែតុលា ឆ្នាំ២០១៧ វេលាម៉ោង៩ព្រឹក កូនស្រីរបស់គាត់ដែលជានារីរងគ្រោះនេះ បានសុំឪពុកម្តាយមកទីរួមខេត្តរតនគិរី ជិះម៉ូតូម៉ាកសង់ C125 ស៊េរី២០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខ រតនគិរី 1C-4009 ជិះម្នាក់ឯង ដោយប្រាប់ឪពុកម្តាយថា មកកម្មវិធីនៅភោជនីយដ្ឋានរតនលីនា ទល់មុខសាលាវិទ្យាល័យសម្តេចឪ សម្តេចម៉ែ ដើម្បីមករាំរបាំប្រពៃណីជនជាតិទំពួន ឲ្យអង្គការមីឌីវ័ន្ត នាថ្ងៃអាទិត្យនោះដែរ ដល់ម៉ោង៧យប់ឪពុកម្តាយបានទូរស័ព្ទទៅរកកូនជាច្រើនដងតែគ្មានអ្នកទទួលទើបនៅនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៧ វេលាម៉ោង៨ព្រឹក ម្ចាស់ចម្ការឈ្មោះ សួង សុខលី ឃើញម៉ូតូជនរងគ្រោះឃ្លាតពីសាកសព២០ម៉ែត្រ ហើយដើរទៅមុខឃើញសពនារីរងគ្រោះ និងមានការភ្ញាក់ផ្អើរដល់ក្រុមគ្រួសារនិងសមត្ថកិច្ច។
តាមប្រភពព័ត៌មានពីឈ្មោះ ថង សៃ ភេទស្រី អាយុ២០ឆ្នាំ មុខរបរ សិស្សរៀនជាមួយគ្នា និងធ្វើការអង្គការមីឌីវ័ន្ត បានឲ្យអ្នកសារព័ត៌មានដឹងថា នៅថ្ងៃអាទិត្យទី២២ ខែតុលា ឆ្នាំ២០១៧ វេលាម៉ោង១១ថ្ងៃត្រង់ អង្គការខាងលើបានរៀបចំកម្មវិធីមួយ ដែលមានឈ្មោះធម្មជាតិរបស់អ្នក ហើយបានអញ្ចើញនារីរងគ្រោះមករំាល្បាំជនជាតិទំពួនដល់ម៉ោង១២ចប់កម្មវិធីនារីរងគ្រោះឈ្មោះ កេល លាភ នៅហូបបាយរួមគ្នាជាមួយមិត្តភក្តិជាច្រើនទៀត រហូតដល់ម៉ោង៣រសៀល ទើបបែកគ្នាអស់ ហើយមិត្តភក្តិមិនដឹងនារីរងគ្រោះទៅណាខ្លះទេ ទើបមកដល់ថ្ងៃនឹងមានការភ្ញាក់ផ្អើលដឹងថា នារីរងគ្រោះត្រូវគេរំលោភសម្លាប់៕





