Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ នារសៀលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៧ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញលោក លាង សំណាត់ បានប្រកាសសាលក្រមសម្រេចផ្តន្ទាទោសស្ត្រី ឈ្មោះ រស់ សុភីរ័ត្ន ហៅស្រី រ័ត្ន ជាម្ចាស់ក្រុមហ៊ុន ស្រី រ័ត្ន អន្តរជាតិទេសចរណ៍ ដាក់ពន្ធនាគារ១ឆ្នាំ និងពិន័យ៤លានរៀលចូលថវិការដ្ឋ ក្រោមការចោទប្រកាន់ពីបទរំលោភលើទំនុកចិត្ត តាមមាត្រា៣៩១.៣៩២នៃក្រមព្រហ្មទណ្ឌ។

ជាមួយគ្នានេះតុលាការបានបង្គាប់ឲ្យជនជាប់ចោទសង់សំណងទៅដើមបណ្តឹងរដ្ឋប្បវេណីអតិថិជន៧៤នាក់។

ក្រោយមានសេចក្ដីសម្រេចរបស់តុលាការបែបនេះ បានធ្វើឲ្យ​ជនរងគ្រោះប្រមានជាង៣០នាក់ដែលមកស្ដាប់ការប្រកាសសាលក្រមបានផ្ទុះការតវ៉ានៅក្នុងអគារតុលាការតែម្ដង ដោយអ្នកខ្លះប្រើសម្ដីអសុរសដាក់ចៅក្រមតុលាការ ព្រោះតែក្នុងសេចក្ដីសម្រេចរបស់សាលក្រម ដែលលោកចៅក្រមបានអានមិនបានបញ្ជាក់អំពីចំនួនទឹកប្រាក់ដែលតុលាការបង្គាប់ឲ្យ​ជនជាប់ចោទសងទៅជនរងគ្រោះនោះទេ។

សូមរំលឹកថា នាពេលសវនាការកន្លងមកជនជាប់ចោទបាន​ឆ្លើយ​ថា បុគ្គលិក​របស់​ខ្លួនឈ្មោះ ង៉ែត ធារី មាន​តួ​នាទី​ជា​ប្រធាន​គណនេយ្យ និង​លក់​សំបុត្រ បាន​លួច​លុយ​ក្រុមហ៊ុនរត់​ ហើយ​លួចលក់សំបុត្រ​យន្ត​ហោះ ជាង​៣០​នាក់ ជា​សាច់​ប្រាក់ ប្រមាណ​ជាង ១០​ម៉ឺន​ដុល្លារ​ ទើបក្រុមហ៊ុន​ខ្វះ​លុយ​សង​ទៅ​អតិថិជន។ កាលពីរសៀលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៧ មន្ត្រីជំនាញ នៃការិយាល័យបង្រ្កាបបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនខ្លួនជនសង្ស័យម្នាក់ទៅតុលាការ ពាក់ព័ន្ធករណីឆបោក តាមរយៈការលក់សំបុត្រយន្តហោះក្លែងក្លាយទៅឲ្យអតិថិជនជាច្រើនអ្នក។

បើតាមការឱ្យដឹងពីមន្ត្រីកងរាជអាវុធហត្ថរាជធានីភ្នំពេញ ថា ជនសង្ស័យដែលបានកម្លាំងកងរាជអាវុធហត្ថធ្វើការឃាត់ខ្លួននោះមានឈ្មោះ រស់ សុភីរ័ត្ន ហៅស្រី រ័ត្ន ជាម្ចាស់ក្រុមហ៊ុន ស្រី រ័ត្ន អន្តរជាតិទេសចរណ៍ ដែលមានពីរទីតាំង ទីតាំងទី១ ស្ថិតនៅអគារលេខ៦២-៦៤E០ ផ្លូវមុនីវង្ស សង្កាត់ផ្សារថ្មី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ និងទីតាំងទី២ ស្ថិតនៅផ្ទះលេខ១១៧E0 ផ្លូវកម្ពុជាក្រោម សង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ។ បានបើកដំណើរការជាយូរឆ្នាំមកហើយ តែនៅក្នុងអំឡុងឆ្នាំ២០១៦-២០១៧ ក្រុមហ៊ុនរបស់ខ្លួនបានជួបបញ្ហាដោយបុគ្គលិកលួចលក់សំបុត្រយន្តហោះក្លែងក្លាយដល់អតិថិជន ហើយសំបុត្រយន្តហោះនោះធ្វើដំណើរមិនបាន អតិថិជនក៏មកទាមទារយកប្រាក់វិញ ក្នុងនោះអតិថិជនខ្លះបានដោះស្រាយរួចហើយ និងខ្លះទៀតមិនទាន់បានដោះស្រាយ ទើបនៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧ នៅវេលាម៉ោង៨និង៣០នាទីយប់ រូបខ្លួនក៏ត្រូវបានកម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួនតែម្តង៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor