
ភ្នំពេញៈ យ៉ាងហោចណាស់ មានមនុស្ស៤នាក់ បានស្លាប់បាត់បង់ជីវិតក្នុងហេតុការណ៍គ្រោះអគ្គិភ័យ ឆាបឆេះលេខ៣B ភូមិ១៩ ផ្លូវលេខ៧០ នៅក្បែរផ្សារទួលសង្កែ (ផ្សារតូច) ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ នាវេលាម៉ោងប្រមាណ១១៖៣០នាទី យប់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៧នេះ។
ភ្នាក់ងារ CAM POST រាយការណ៍ពីកន្លែងកើតហេតុ ឲ្យដឹងថា ព័ត៌មានបឋមដែលទទួលបានពីសមត្ថកិច្ច គឺមានបុរសចំនួន៤នាក់ បានស្លាប់នៅក្នុងផ្ទះហាងលក់កុំព្យូទ័រយីហោ អេសធីស៊ី កុំព្យូទ័រ នៅជិតផ្សារទួលសង្កែ។ ជាមួយគ្នា ដើម្បីគ្រប់គ្រងស្ថានការណ៍ មិនឲ្យភ្លើងបន្តឆាបឆេះបន្ថែមទៀត រថយន្តពន្លត់អគ្គិភ័យរបស់ប៉ូលិសក្រុងភ្នំពេញ ប្រមាណ១៦គ្រឿង ត្រូវបានជួយអន្តរាគមន៍បាញ់ជួយពន្លត់ ដោយប្រើប្រាស់ទឹកអស់២០ឡាន ស្មេីនឹង៨០ម៉ែត្រគូប និងពន្លត់ចប់ទាំងស្រុង នៅម៉ោង១២៖០០នាទីយប់។
សមត្ថកិច្ចនគរបាលស្រះចក ឲ្យដឹងថា គ្រោះអគ្គិភ័យកើតឡើងសារការឆ្លងចរន្តអគ្គិសនី បណ្តាលឲ្យខូចខាតសម្ភារៈក្នុងផ្ទះ រួមមាន កុំព្យូទ័រមួយចំនួនធំ សម្ភារៈក្នុងផ្ទះអស់ទាំងស្រុង និងបន្សល់ទុកនូវម៉ូតូចំនួន២គ្រឿង។ អគ្គិភ័យក៏បានបណ្តាលឲ្យបាត់បង់ជីវិតមនុស្សចំនួន៤នាក់ ភេទប្រុស។ បច្ចុប្បន្នសពតម្កល់នៅមន្ទីរពេទ្យកាល់ម៉ែត្រ។
បែបណាក៏ដោយ មិនទាន់មានសេចក្ដីរាយការណ៍បញ្ជាក់ពីទំហំនៃការខូចខាត ឬអត្តសញ្ញាណរបស់ជនរងគ្រោះ ដែលស្លាប់ក្នុងហេតុការណ៍អគ្គិភ័យនេះនៅឡើយទេ។ ហើយសមត្ថកិច្ចក៏មិនទាន់យកសាកសពជនរងគ្រោះ ចេញពីផ្ទះកើតហេតុនោះដែរ។
ជាមួយគ្នា នៅកន្លែងកើតហេតុ ក្រៅពីវត្តមានសមត្ថកិច្ចពន្លត់អគ្គិភ័យ យើងឃើញវត្តមានអភិបាលក្រុងភ្នំពេញ លោក ឃួង ស្រេង និងនាយឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ចុះដល់កន្លែងអន្តរាគមន៍ក្នុងការបង្ការជួយពន្លត់ភ្លើង ដើម្បីបង្ការកុំឲ្យឆ្លងទៅផ្ទះប្រជាពលរដ្ឋផ្សេងទៀត។



















