Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ប្រើពេលតែប្រមាណនាទីប៉ុណ្ណោះ ដុំពពកខ្មៅដែលកើតឡើងចំពោះគ្រួសារមួយអស់រយៈពេលជាង១ឆ្នាំហើយនោះ បានរសាត់រលត់រលាយទៅវិញ បន្ទាប់ពីសពគូស្នេហ៍ភ្លើងចំបើង២នាក់ ត្រូវបានដឹកចេញពីមន្ទីរពេទ្យមួយកន្លែង នៅចម្ងាយប្រមាណជាង២០ម៉ែត្រ ពីស្ថានីយ៍ទូរទស្សន៍អប្សរា​ នាល្ងាចថ្ងៃច័ន្ទនេះ​។ នេះជាអំពើឃាតកម្ម លើតារាចម្រៀងទើបដុះពន្លកថ្មីៗ នៅផលិតកម្មហង្សមាស និងស្វាមី ដោយបន្សល់ទុកនូវកូនកំព្រា២នាក់។

បើតាមខ្សែវិដេអូពីកាមេរ៉ាសុវត្ថិភាពនៅទីតាំងកើតហេតុ បានបង្ហាញថា ដំបូងឡើយ ជនរងគ្រោះ (ស្រីឡៃ​) បានចូលទៅកែសម្ផស្សក្នុងមន្ទីរពេទ្យខាងលើ ដោយស្លៀកពាក់ឯកសណ្ឋានពណ៌ស (អាវស និងខោជើងខ្លីពណ៌ស)។ លុះដល់ម៉ោងកើតហេតុ អតីតស្វាមីក៏ដើរចូលទៅតាមក្រោយ ហើយពួកគេបានឈ្លោះប្រកែកគ្នា រហូតធ្វើឲ្យជនដៃដល់​ (អតីតស្វាមី​) សម្រេចចិត្តបាញ់ជនរងគ្រោះមួយគ្រាប់ បណ្តាលឲ្យដេកដួលលើឥដ្ឋាការ៉ូមួយរំពេច បន្ទាប់មកក៏បាញ់បន្ថែមចំនួន២គ្រាប់ទៀត បណ្តាលឲ្យប្រកាច់ស្លាប់ក្នុងថ្លុកឈាមយ៉ាងអាណោចអាធ័ម។ ចំណែកជនដៃដល់វិញ ភ្លាមនោះ ក៏សម្រេចបញ្ចប់ជីវិតខ្លួនឯងតាមក្រោយ ដោយប្រើគ្រាប់កាំភ្លើងទម្លុះក្បាលផងដែរ។

ស្ថិតក្នុងសភាពទឹកភ្នែករលីងរលោង និងហើមភ្នែកក្រោយការទ្រហោរយំសោកស្ដាយចំពោះការបាត់បង់បងស្រី កញ្ញា សាន គង្គា ត្រូវជាប្អូនស្រីនាង សាន ស្រីឡៃ ប្រាប់ក្រុមអ្នកសារព័ត៌មាននៅកន្លែងកើតហេតុថា អ្វីៗកើតឡើងដោយសារភ្លើងប្រច័ណ្ឌ បន្ទាប់ពីបងស្រីរបស់ខ្លួន (សាន ស្រីឡៃ) ប្រឡូកក្នុងពិភពសិល្បៈកម្ពុជា ពោល គឺបន្ទាប់ពីនាងល្បីឈ្មោះក្រោយចូលប្រឡងក្នុងកម្មវីធី The Voice Cambodia រដូវកាលទី២ កាលពីឆ្នាំមុន។

កញ្ញា សាន គង្គា បញ្ជាក់ថា បន្ទាប់ពីបងស្រីមានឈ្មោះបោះសំឡេងក្នុងពិភពសិល្បៈ ហើយទទួលបានការគាំទ្រ និងចុះថតសម្ដែងជាញឹកញាប់ ជាពិសេសគឺការសម្ដែងក្នុងឈុតស្នេហាផ្សេងៗជាមួយតួប្រុសនោះ ធ្វើឲ្យប្ដីនាង(ជនដៃដល់)កើតចិត្តប្រច័ណ្ឌ។ ចាប់តាំងពីពេលនោះមក ភាពរង្គោះរង្គើរ ហើយដុំពពកខ្មៅក៏បានចូលមកកាន់គ្រួសារមួយនេះ មិនឲ្យរស់នៅចុះសម្រុងគ្នា ទើបឈានដល់ការសុំលែងលះពីសំណាក់នាង សាន ស្រីឡៃ ប៉ុន្តែមិនដាច់ស្រាច់ឡើយ។

យ៉ាងណា រហូតមកដល់ពីរបីថ្ងៃ មុនថ្ងៃកើតហេតុនេះ ចំណងស្នេហ៍ភាគីទាំងពីរក៏បានសម្រេចបញ្ចប់ ប៉ុន្តែនឹងស្មានមិនដល់ថា បែរជាពីរបីថ្ងៃក្រោយការបញ្ចប់សម្ព័ន្ធភាពស្នេហាអ្នកទាំងពីរ អតីតស្វាមីជាអនុប្រធានសាខាគយនៅខេត្តព្រៃវែង រូបនេះ ដាច់ចិត្តបញ្ចប់ជីវិតទាំងអស់គ្នា។ ចុងក្រោយ គឺកូនប្រុស២នាក់ ត្រូវរស់នៅកំព្រាឪពុកម្ដាយតាំងពីកុមារភាព។ នេះជាការបញ្ជាក់របស់កញ្ញា សាន គង្គា។

លោក អឹម ជីវ៉ា ក្រុមប្រឹក្សាភិបាលសមាគមសិល្បករកម្ពុជា ផ្ដល់បទសម្ភាសន៍យ៉ាងខ្លីថា សមាគមនឹងជួយដល់គ្រួសារសពនាង សាន ស្រីឡៃ ប៉ុន្តែទំហំ ឬប្រភេទនៃការជួយយ៉ាងណានោះ នៅមិនទាន់ដឹងឡើយ។ លោកបញ្ជាក់ថា ជំហានដំបូងសមាគមនឹងជួយរៀបចំពិធីបុណ្យសពជូននាង តាមសំណើរបស់ក្រុមគ្រួសារសព ហើយគម្រោងជំនួយផ្សេងៗទៀត សមាគមនឹងប្រកាសពេលក្រោយ។

បែបណាក៏ដោយ រហូតមកទល់ហ្នឹងពេលនេះ វាំងននខ្មៅនៅពីក្រោយគ្រួសារតារាចម្រៀង ត្រូវបានលាតត្រដាងត្រឹមពីភាគីគ្រួសារសពនាង សាន ស្រីឡៃ ប៉ុណ្ណោះ ខណៈដែលព័ត៌មានពីគ្រួសារអតីតស្វាមីនាង មិនត្រូវបានគេទម្លាយឲ្យដឹង។

ក្រោយកើតហេតុប្រមាណ៣ម៉ោង ពោល គឺនៅម៉ោង៧យប់ថ្ងៃដដែល សាកសពគូស្នេហ៍តារាចម្រៀង និងអនុប្រធានគយ ត្រូវបានរថយន្តសាមុយដឹកចេញទៅធ្វើបុណ្យតាមប្រពៃណីនៅកន្លែងរៀងៗខ្លួនផ្សេងពីគ្នា។ គេដឹងថា សពនាង សាន ស្រីឡៃ ត្រូវគ្រួសារយកទៅធ្វើបុណ្យនៅវត្តសែនសុខ ស្ថិតក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ខណៈសពស្វាមីត្រូវបានដឹកយកទៅតម្កល់ធ្វើបុណ្យនៅផ្ទះ ប៉ុន្តែគ្មានប្រភពណាបញ្ជាក់ពីអាសយដ្ឋានឡើយ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor