
ភ្នំពេញៈ មន្ដ្រីជាន់ខ្ពស់ គណបក្សសង្គ្រោះជាតិ (CNRP) លោក សុន ឆ័យ បានបញ្ជាក់ថា ក្រុមក្រុមតំណាងរាស្រ្តរបស់ CNRP ដែលអញ្ជើញទៅបំពេញទស្សនកិច្ច នៅក្រៅប្រទេស៣រូបអស់ រយៈពេលជាច្រើនថ្ងៃ នឹងវិលត្រឡប់មកកម្ពុជាវិញនៅប៉ុន្មានថ្ងៃខាងមុខ។
លោក សុន ឆ័យ បានប្រាប់ក្រុមអ្នកសារព័ត៌មាន ក្រោយកិច្ចប្រជុំគណៈកម្មាធិការ អចិន្ត្រៃយ៍ គណបក្ស នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៧ ថា “តាមខ្ញុំដឹង មានតំណាងរាស្ដ្រមាន៣រូបទៀត ដែលនឹងត្រឡប់មកវិញ នៅពេល២ឬ៣ថ្ងៃនេះ”។
លោកអះអាង មានតំណាងរាស្ដ្រនៅក្រៅប្រទេសមួយចំនួនទៀត មិនទាន់ដឹងមកពេលណានោះទេ ខណៈរដ្ឋសភាចូលកងវិញចាប់ពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៧។ ទោះបីជាយ៉ាងណា លោក សុន ឆ័យ មិនទាន់ដឹងថា តំណាងរាស្ដ្រ៣រូបដែលមកវិញជាអ្នកណាខ្លះទេ។
លោកបន្ថែមថា តំណាងរាស្រ្ដ CNRP នៅក្នុងប្រទេសសព្វថ្ងៃ មានចំនួន២៣នាក់ ក្រៅពីនេះ នៅក្រៅប្រទេសទាំងអស់ ។
សូមបញ្ជាក់ថា ក្រោយពីមានការចាប់ខ្លួន លោក កឹម សុខា ប្រធានគណបក្សរួចមក ដោយសារពាក់ព័ន្ធនឹងការទម្លាក់រាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់ មានក្រុមតំណាងរាស្រ្តបក្សសង្រ្គោះជាតិ បានចេញទៅក្រៅប្រទេស ជាបន្តបន្ទាប់ ក្រោមរូបភាពទៅបំពេញទស្សនកិច្ច បំពេញការងារ និងរត់គេចខ្លួនផងដែរ បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជាបានប្រកាសថា នឹងចាប់ខ្លួនជាច្រើននាក់ ដែលពាក់ព័ន្ធនឹងការរំលំរាជរដ្ឋាភិបាលស្របច្បាប់៕
