
កូរ៉េខាងជើង បានចេញសារគំរាមកំហែងដ៏ព្រឺព្រួតមួយ ដល់ប្រទេសជប៉ុន ថា ប្រទេសនេះ នឹងមិនអាចមានសុវត្ថិភាព បានឡើយ ចំពេលមានការព្រួយបារម្ភទៅលើសង្គ្រាមលោកលើកនឹងកើតឡើង។ នេះបើយោងតាមគេហទំព័រសារព័ត៌មាន អង់គ្លេស (Express) បានចុះផ្សាយនាព្រឹកថ្ងៃអង្គារ ទី១០ ខែតុលា ឆ្នាំ២០១៧។

ទីភ្នាក់ងារព័ត៌មានដែលគ្រប់គ្រងដោយរដ្ឋាភិបាលកូរ៉េខាងជើង KCNA បានចេញសេចក្ដីថ្លែងការណ៍មួយនៅថ្ងៃនេះ ដោយគំរាមកំហែងផ្ទាល់ដល់ប្រទេសជប៉ុន ដោយបញ្ជាក់ថា ការត្រៀមលក្ខណៈធ្វើសង្គ្រាមលោកលើក គឺសំដៅទៅលើប្រជុំកោះធំៗទាំង០៤ របស់ជប៉ុន នឹងត្រូវបានបំផ្លាញចេញពីផែនទីពិភពលោក មុនគេ។ មួយសប្ដាហ៍មុន គីម ជុងអ៊ុន បានគំរាមកំហែងចុងក្រោយបំផុត ទៅកាន់ប្រទេសជប៉ុន ដើម្បីនាំយក “ពពកនុយក្លេអ៊ែរទៅប្រជុំកោះរបស់ទីក្រុងតូក្យូ”។

គួរបញ្ជាក់ផងដែរថា លោក គីម ជុងអ៊ុន បានផ្ដោតការយកចិត្តទុកដាក់ និងព្រមាន ទៅលើប្រទេសជប៉ុន នាពេលថ្មីៗនេះ ដើម្បីសងសឹកចំពោះសុន្ទរកថា របស់នាយករដ្ឋមន្ត្រីជប៉ុន នៅឯអង្គការសហប្រជាជាតិ ដែលលោក បានអំពាវនាវឲ្យមានទណ្ឌកម្មយ៉ាងតឹងរឹង ប្រឆាំងនឹងកូរ៉េខាងជើង៕
