Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ អគ្គរាជទូតសិទ្ធិមនុស្សលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ ប្រចាំប្រទេសស៊ុយអែត លោកស្រី Annka Ben David បានបញ្ជាក់ថា ទំនាក់ទំនងសេដ្ឋកិច្ច រវាងកម្ពុជា នឹងស៊ុយអែត នឹងត្រូវគិតសារឡើងវិញ ប្រសិនបើគណបក្សសង្គ្រោះជាតិ (CNRP) ត្រូវបានរំលាយ។

ក្រសួងមហាផ្ទៃ បានដាក់ពាក្យបណ្ដឹង ទៅតុលាការកំពូលកាលពី ដើមខែតុលានេះ ដើម្បីសុំរំលាយ CNRP ហើយរដ្ឋសភាក៏បានអនុម័ត វិសោធនកម្មច្បាប់ចំនួន៤ ដែលសំដៅដកហូតអាសនៈបក្សត្រូវរំលាយទៅ ឲ្យបក្សផ្សេងទៀតផងដែរ កាលពីប៉ុន្មានថ្ងៃមុននេះ។

លោកស្រី Annka Ben David បានថ្លែងក្នុងសន្និសីទសារព័ត៌មាន នៅស្ថានទូតស៊ុយអ៊ែត នារសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៧ថា រដ្ឋាភិបាលស៊ុយអែតបាន ព្រួយបារម្ភយ៉ាងខ្លាំង ចំពោះបញ្ហាតានតឹងនៅកម្ពុជា ក្រោយចាប់ខ្លួន លោក កឹម សុខា ។

លោកស្រីបញ្ជាក់ថា បើ CNRP ត្រូវបានរំលាយមែននោះ ដំណើរការលទ្ធិប្រជាធិតេយ្យ នៅកម្ពុជា មិនត្រឹមត្រូវឡើយ។ រដ្ឋាភិបាលស៊ុយអែត នឹងគិតគូ ពិចារណា ដើម្បីយកមកវិភាគថា តើនឹងត្រូវរៀបចំទំនាក់ទំនងសេដ្ឋកិច្ចជាមួយកម្ពុជារបៀបណា បន្តទៀត ហើយបើបក្សប្រឆាំងរំលាយមែន ស៊ុយអែត ក៏មិនដកទូតចេញពីកម្ពុជាផងដែរ។

លោកស្រីបានមានប្រសាសន៍ថា “ខ្ញុំបានជម្រាបជូនទៅដល់អ្នកតំណាង រាជរដ្ឋាភិបាលកម្ពុជាចំនួន២រូប (លោក ខៀវ កាញារីទ្ធ រដ្ឋមន្ដ្រីក្រសួងព័ត៌មាន និងលោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី) នៅក្នុងជំនួបរបស់ខ្ញុំ នៅពេលណាដែល គណបក្សសង្គ្រោះជាតិត្រូវបានរំលាយ អ៊ីចឹង ស៊ុយអែត នឹងគិតឡើងវិញនូវទំនាក់ទំនងរបស់ខ្លួនជាមួយកម្ពុជា”។

លោកស្រីសង្ឃឹមថា តាមរយៈសាររបស់លោកស្រីជូនទៅតំណាងរាជរដ្ឋាភិបាលទាំង២រូប នឹងបានដឹងឮដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីធ្វើយ៉ាងណាឲ្យកម្ពុជាមានស្ថានភាពល្អ ប្រសើរឡើងវិញ។

លោកស្រីបន្ថែមថា ស៊ុយអែត ស្នើសុំរាជរដ្ឋាភិបាលជួយ សម្រួលឲ្យមានស្ថានភាពដូចដើម និងកុំឲ្យរឹតបន្តឹងដល់សកម្មភាពរបស់ ក្រុមអង្គការសង្គមស៊ីវិល រួមទាំងអ្នកសារព័ត៌មាន មួយចំនួននៅកម្ពុជាផងដែរ។

ក្នុងសន្និសីទនោះ លោកស្រី Annka Ben David បានសម្តែងការព្រួយបារម្ភចំពោះបញ្ហា កើតមានឡើងថ្មីៗនៅកម្ពុជាដែលអាចនាំ ឲ្យមានផលប៉ះពាល់មុខមាត់កម្ពុជា នៅលើឆាកអន្ដរជាតិ។ ការរឹតបន្តឹងសិទ្ធិនយោបាយ និងសិទ្ធិពលរដ្ឋ កំពុងកើតមានឡើង នៅកម្ពុជាបច្ចុប្បន្ន ដែលនេះ ជាសារអវិជ្ជមានមួយទៅដល់ ដៃគូអភិវឌ្ឍន៍ អ្នកវិនិយោគ និងបណ្ដាប្រទេសមួយចំនួន។

លោកស្រីបានប្រាប់ក្រុមអ្នកសារព័ត៌មានទៀតថា តាមរយៈកិច្ចសហការអភិឌ្ឍនានា ស៊ុយអែត បានជួយកម្ពុជាដោយគិតជា ទឹកប្រាក់១០០លានដុល្លាររួចមកហើយ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor