
កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៧ លោកប្រធានក្រុមប្រឹក្សាជំនុំជម្រះនៃតុលាការកំពូល លោក ឌិត មុន្ទី បានអញ្ជើញប្រធានគណបក្សសង្គ្រោះជាតិ មានទីស្នាក់ការនៅផ្ទះលេខ៥៧៦ ផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដើម្បីចូលរួមសវនាការនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ វេលាម៉ោង៨ព្រឹក នៅតុលាការកំពូល (បន្ទប់១) ពីបណ្តឹងសុំរំលាយគណបក្សសង្គ្រោះជាតិ។

ប្រសិនបើ តុលាការកំពូលសម្រេចគណបក្សសង្គ្រោះជាតិចាញ់ក្តី មានន័យថាគណបក្សនេះនឹងត្រូវរលាយ ដូចនេះទាំងអាសនៈរដ្ឋសភា និងឃុំ/សង្កាត់ ត្រូវបែងចែកឱ្យទៅបក្សផ្សេង យោងតាមច្បាប់ស្តីពីវិសោធនកម្មច្បាប់៤ពាក់ព័ន្ធនឹងការបោះឆ្នោត។
លោក កឹម សុខា ត្រូវប្រឈមនឹងសវនាការ២ គឺថ្ងៃស្អែក សំណុំរឿងផ្ទាល់ខ្លួនលោក ពីបទទោសក្បត់ជាតិ និងសំណុំរឿងសុំរំលាយគណបក្ស។ អ្វីដែលគួរឱ្យគត់សម្គាល់នោះគឺ សវនាការស្អែកនេះប្រហែលជាអវត្តមានលោក កឹម សុខា ដែលកំពុងជាប់ឃុំនៅពន្ធនាគារត្រពាំងផ្លុង។

វាសនាគណបក្សសង្គ្រោះជាតិនឹងត្រូវដឹងនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៧ នេះឬយ៉ាងណា?
